ទឹកមានលក្ខណៈពិសេសរៀងៗខ្លួន ទឹកសាបស្ទឹងបឹងទន្លេរ ជាទឹកដែលគេអាចយកប្រើប្រាស់សម្រាប់ផឹកងូតនិងស្រោចដំណាំកសិកម្ម ដែលវាមានអត្ថប្រយោជន៍ជាច្រើនដល់ភាវៈរស់នៅលើគោក ចំណែកឯទឹកសមុទ្រវិញមានទំហំធំដែលទ្រទ្រង់ជីវចម្រុះរាប់លានប្រភេទនៅក្នុងទឹកប្រៃ។ នៅលើភពផែនដីរបស់យើង បរិមាណទឹកសមុទ្រមានទំហំធំ ចំណែកឯទឹកសាបវិញមានបរិមាណតិចតួចប៉ុណ្ណោះ ហើយទឹកសាបអាចប្រើប្រាស់មានមិនដល់ ១% ផង (នៃបរិមាណទឹកលើភពផែនដី) ប៉ុន្តែចំណុចពិសេសមួយគឺទឹកសាបនិងទឹកប្រៃមិនរលាយចូលគ្នានោះទេ បើទោះជាវាត្រូវបង្ហូរចូលសមុទ្រក៏ដោយ។ លើសពីនេះសូម្បីតែទឹកប្រៃនៃមហាសមុទ្រនីមួយក៏មិនលាយចូលគ្នាដែរ ដោយយើងអាចឃើញយ៉ាងច្បាស់នូវបន្ទាត់បែងចែករវាងមហាសមុទ្រប៉ាស៊ីហ្វិច និងមហាសមុទ្រអាត្លង់ទិច នៅឈូងសមុទ្ររដ្ឋ Alaska។
អញ្ចឹងសំនួរមួយត្រូវបានចោទសួរថា តើហេតុអ្វីបានទឹកទន្លេរនិងសមុទ្រ ឬទឹកសមុទ្រនិងសមុទ្រតាមតំបន់ទាំងនោះមិនរលាយចូលគ្នា? ប្រសិនបើយើងនិយាយអំពីទឹកសមុទ្រជាទូទៅ យើងប្រហែលជាយល់ថាទឹកសមុទ្រមានពណ៌ខៀវដូចគ្នាទាំងអស់ហើយ ប៉ុន្ដែធាតុពិតមិនមែននោះទេ ដោយទឹកសមុទ្រមានពណ៌ខៀវមែន ប៉ុន្តែកម្រិតនៃពណ៌ខៀវនោះមានភាពខុសៗគ្នាទៅតាមតំបន់ ដោយសារមានការចូលរួមពីម៉ូលេគុលទឹក និងកម្រិតនៃសារធាតុខនិជ និងដង់ស៊ីតេនៃសារធាតុប្រៃ -ល-។
លោក Ken Bruland សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រមហាសមុទ្រ នៃសកលវិទ្យាល័យ California-Santa Cruz ដែលបានធ្វើដំនើរទៅកាន់បន្ទាត់ព្រំដែនសមុទ្រ និងបានសិក្សាស្រាវជ្រាវ និងពិសោធន៍ទៅលើមហាសមុទ្រទាំង ២ បានបង្ហាញឲ្យដឹងថា ទឹកនៃមហាសមុទ្រមិនអាចលាយចូលគ្នាបានដោយសារកត្តាធំៗមួយចំនួន៖
•ទីមួយគឺដោយសារតែបរិមាណនៃសាធាតុខនិជ អំបិល ដែលទំហំនៃម៉ាសម៉ូលេគុលរបស់សារធាតុទាំងនោះនៅក្នុងទឹកសមុទ្រមានលក្ខណៈខុសគ្នាទៅតាមតំបន់។
•ទីពីរដោយសារតែដង់ស៊ីតេទឹកមិនដូចគ្នា ព្រោះទឹកសមុទ្រខ្លះមានដង់ស៊ីតេនៃសារធាតុអ៊ីត្រូស៊ែន និងអុកស៊ីសែនច្រើនជាងទឹកសមុទ្រផ្សេងទៀត ធ្វើឲ្យម៉ាសទឹកមិនដូចគ្នា។
•ទីបីគឺដោយសារតែកម្រិតសីតុណ្ហភាពនៃទឹកផងដែរ ព្រោះទឹកសមុទ្រខ្លះត្រូវបានរលាយដោយសារផ្ទះទឹកកកនៅតំបន់ប៉ូល ចំណែកទឹកសមុទ្រមួយទៀតគឺជាទឹកក្ដៅ។
•ចំណុចមួយផ្សេងទៀតគឺសារធាតុប្រៃនៃទឹក ដែលពួកវាមានកម្រិតខុសគ្នា ហើយកម្រិតធាតុប្រៃនេះក៏បង្ហាញឲ្យឃើញនូវកម្រិតពណ៌ខៀវនៃទឹកសមុទ្រផងដែរ។