ទឹកជ្រោះសុភមិត្ត តំបន់ទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តស្ទឹងត្រែង ដែលភ្ញៀវទេសចរមិនអាចមើលរំលង!

តំបន់ទេសចរណ៍ទឹកជ្រោះ ដ៏ស្រស់ស្អាតប្លែកតែមួយគត់នៅប្រទេសកម្ពុជា មានទិដ្ឋភាពពោពេញទៅដោយផ្ទៃថ្មតូចធំពង្រាយគ្នា កាត់ដងទន្លេមេគង្គ ក្បែរខ័ណ្ឌសីមាព្រំដែករវាងកម្ពុជា និងប្រទេសឡាវ ធ្វើឲ្យទឹកធ្លាក់ហូរកាត់តាមជ្រលងផ្ទាំងថ្ម បង្កើតទៅជាទស្សនីយភាពប្លែង អមដោយផ្សែងអ័ព្វខ្មួលខ្មាញ់ និងស្នូរទឹកដ៏ពិរោះរន្ដំប្រដេញគ្នា នោះគឺទឹកជ្រោះសុភមិត្ត តំបន់ទេសចរណ៍ប្រចាំខេត្តស្ទឹងត្រែង ដែលភ្ញៀវទេសចរមិនអាចមើលរំលង ពេលបានទៅដល់ខេត្តនេះ។ 

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង បានបង្ហាញថាទឹកជ្រោះសុភមិត្ត ជារមណីយដ្ឋានទឹកជ្រោះដ៏មានប្រជាប្រិយភាពល្បីល្បាញ និងទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិមិនចេះដាច់ឡើយ ពីមួយថ្ងៃទៅមួយថ្ងៃ។ 

ទឹកជ្រោះនេះ មានកម្ពស់អាចលោតទៅដល់ ២៦ ម៉ែត្រឯណោះ ពិសេសនៅរដូវវស្សានេះ កម្រិតទឹកទន្លេបន្ដឡើងខ្ពស់ដល់ចំណុចអតិបរមា ធ្វើឲ្យផ្ទាំងទស្សនីយភាពទឹកហូរកាត់ផ្ទាំងថ្មតូចធំកាន់តែស្រស់ស្អាត និងមានផ្សែងអ័ព្ទមើលទៅពិតជាទាក់ទាញ។ ចំណែករដូវប្រាំងវិញ កម្រិតទឹកធ្លាក់ចុះគួរឲ្យកត់សម្គាល់ រំលេចទៅជាផ្ទាំងថ្មធំៗ ដែលគេអាចទស្សនាផ្ទាំងថ្មពកស្រួច ឬទាលតាមធម្មជាតិ ក្លាយជាវាលថ្មចម្រុះពណ៌គួរឲ្យចង់គយគន់ប្លែកម្យ៉ាង។ 

លោកប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង បានបន្ថែមថា ទឹកជ្រោះសុភមិត្រ មានភ្ញៀវទេសចរណ៍មកកម្សាន្ដច្រើន មិនថាខែប្រាំងឬវស្សាឡើយ ដោយគេមិនត្រឹមតែអាចគយគន់ទេសភាពទឹកធ្លាក់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបានចុះងូតទឹកដ៏ថ្លាលេងកម្សាន្ដ និងឃើញហ្វូងមច្ឆាតូចធំហែលកាត់ផងដែរ។ បច្ចុប្បន្ន តំបន់ទឹកជ្រោះនេះក៏មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសមទានទេសចរណ៍មួយចំនួន ដែលរៀបចំដោយក្រុមហ៊ុនឯកជន រួមមានអា ហារដ្ឋាន សេវាកម្មស្នាក់នៅ សណ្ឋាគារ ជាដើម សម្រាប់ទទួលភ្ញៀវទេសចរដែលមកកម្សាន្ដ។

សូមបញ្ជាក់ថា ទឹកជ្រោះសុភមិត្រមានទីតាំងស្ថិតនៅជាប់ព្រំដែនកម្ពុជា-ឡាវ រវាងខេត្តស្ទឹងត្រែង-ព្រះវិហារ ទៅនឹងខេត្តចំប៉ាសាក់ ប្រទេសឡាវ ដោយនៅខេត្តស្ទឹងត្រែងគេហៅថាទឹកជ្រោះសុភមិត្រ ចំណែកខេត្តព្រះវិហារគេហៅថា ទឹកជ្រោះព្រះនិមិត្ត។