ប្រទេសឥណ្ឌូនេស៊ី ត្រៀមផ្លាស់ប្ដូររដ្ឋធានីថ្មី ចេញពីទីក្រុង Jakarta ឆាប់ៗនេះ! 

ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដីកោះធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ដែលមានកោះរាប់ពាន់ឯណោះ និងមានប្រជាជនច្រើនលំដាប់លេខ ៤ លើពិភពលោកបន្ទាប់ពីប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិច។ ភូមិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី គឺជាបញ្ហាដ៏ធំមួយ ដោយសារតែប្រទេសនេះស្ថិតនៅតំបន់អេក្វាទ័រ ហើយមានព្រំដែនគោកដាច់ពីគ្នាច្រើនពេក ហ៊ុមព័ទ្ធទៅដោយទឹកសមុទ្រ ទើបធ្វើឲ្យតំបន់មួយចំនួនជួបប្រទះជារឿយៗនូវបញ្ហាទឹកជំនន់ ទទួលរងនូវគ្រោះធម្មជាតិ និងបាតុភូតនានា។ សូម្បីតែរដ្ឋធានីទីក្រុង Jakarta ក៏ជួបបញ្ហាទាំងនេះញឹកញាប់ដែរ អញ្ចឹងហើយបានជាពេលនេះ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ត្រៀមធ្វើការផ្លាស់ប្ដូររដ្ឋធានីថ្មីចេញពីទីក្រុង Jakarta

ហេតុអ្វីបានជាត្រូវផ្លាស់ប្ដូររដ្ឋធានីថ្មី?

ខ្ញុំជឿថាប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រាកដជាមានការងើយឆ្ងល់សំនួរនេះមុនគេជាក់ជាមិនខាន។ យើងត្រូវដឹងថា គំនិតនៃការចង់ផ្លាស់ប្ដូររដ្ឋធានីនេះ កើតមានតាំងពីយូរណាស់មកហើយ ពោលវាត្រូវបានបំផុសឡើងតាំងពី ឥណ្ឌូនេស៊ីទទួលបានឯករាជ្យពីប្រទេសហូឡង់កាលពីឆ្នាំ ១៩៤៥ មកម្ល៉េះ ប៉ុន្តែវាបានគ្រាន់តែជាគំនិតប៉ុណ្ណោះ។ ហើយកត្ដាដែលធ្វើឲ្យឥណ្ឌូនេស៊ី នឹងត្រូវផ្លាស់ប្ដូររដ្ឋធានី ជាដាច់ខាតគឺមាន ២ ចំណុចសំខាន់ៗ៖

  • កត្ដាប្រជាជនច្រើនពេក ៖ នៅទីក្រុងហ្សាកាតាមានចំនួនប្រជាជនលើសពី ១០ លាននាក់ឯណោះ ដែលបញ្ហាកកស្ទះមានជារៀងរាល់ថ្ងៃ ដែលគេដាក់រហ័សនាមថាជាទីក្រុងកកស្ទះអាក្រក់បំផុតនៅអាស៊ីទៅហើយ។ បើតាមការស្រាវជ្រាវស្ទាបស្ទង់មើលកាលពីឆ្នាំ ២០១៦ បង្ហាញថា ការកកស្ទះចរាចរណ៍នៅទីក្រុងហ្សាកាតា ធ្វើឲ្យរដ្ឋខាតបង់ប្រាក់ប្រហែល ៦.៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
  • កត្ដាកើនឡើងកម្ពស់ទឹកសមុទ្រ ៖ ទីក្រុងហ្សាកាតាស្ថិតនៅលើដីកោះជ្វា ដែលមានកម្ពស់ទឹកសមុទ្រកើនឡើងជារៀងរាល់ឆ្នាំ ហើយមិនដែលថាឆ្នាំណាមិនលិចនោះទេ បើទោះជារដ្ឋាភិបាលព្យាយាមក្នុងការសាងសង់ប្រព័ន្ធទប់ទឹកទីក្រុងវៃឆ្លាតរបស់ខ្លួនក៏ដោយ។ តាមការស្រាវជ្រាវគេអាចព្យាករណ៍បានថា នៅឆ្នាំ ២០៥០ ទីក្រុងហ្សាកាតាទាំងមូល នឹងត្រូវលិចទៅក្នុងសមុទ្រទាំងស្រុង ព្រោះនៅបែកខាងជើងទីក្រុងនេះ ទឹកសមុទ្រឡើងខ្ពស់ចាប់ពី ១ ទៅ ១៥ សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ហើយរយៈពេល ១០ គេឃើញទឹកកើនឡើង ២.៥ ម៉ែត្រ។ និយាយឲ្យចំ ទីក្រុងហ្សាកាតា មានអត្រាឡើងកម្ពស់ទឹកសមុទ្រលឿនជាងគេបង្អស់លើលោក។

កត្ដាទាំង ២ នេះហើយ ទើបធ្វើឲ្យលោកប្រធានាធិបតី Joko Widodo បានចេញសេចក្ដីប្រកាសត្រៀមរើរដ្ឋធានីថ្មីចេញពីទីក្រុងហ្សាកាតាភ្លាមៗ ក្រោយពីលោកបានឈ្នះឆ្នោតនៅដើមខែមេសានេះ ប៉ុន្តែគេលោកមិនទាន់បានប្រកាសថានឹងទៅកោះមួយណា ឬយកទីក្រុងមួយណាធ្វើជារដ្ឋធានីថ្មីនៅឡើយទេ ដោយសេចក្ដីប្រកាសផ្លូវការនឹងចេញមកនៅថ្ងៃទី ២២ ឧសភាខាងមុខនេះ។ យ៉ាងណាមិញ បើតាមសារព័ត៌មានលេចលឺមួយចំនួនបានបង្ហាញថា គេអាចនឹងទៅទីក្រុង Palangkaraya នៅកោះ Bornero ព្រោះវាទីតំបន់ដែលមានភូមិសាស្ត្រអំណោយផលល្អ ហើយវាក៏ជាកោះធំជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយកោះមួយដុំនោះ មានប្រទេស ៣ នៅជាប់ជាមួយគ្នា គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងព្រុយណេ។

សរុបមកវិញ ដោយសារបញ្ហាចំនួនប្រជាជនជនច្រើនលើសលុបនៅក្នុងទីក្រុងហ្សាកាតា និងបញ្ហាកើនឡើងកម្ពស់ទឹកសមុទ្រព្រោះការកើនកម្ដៅផែនដីនេះហើយ ធ្វើឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីចេញសេចក្ដីប្រកាសផ្លាស់ប្ដូររដ្ឋធានី ចេញពីទីក្រុងហ្សាកាតាក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ ការរើ និងផ្លាស់ប្ដូររដ្ឋធានីថ្មីមិនមែនជារឿងងាយស្រួល និងធ្វើរួចរាល់ក្នុងរយៈពេលខ្លីនោះទេ បើការព្យាករណ៍វាអាចនឹងចំណាយរយៈពេលដល់ ១០ ឆ្នាំឯណោះ។ លើសពីនេះ ក្រសួងផែនការនិងអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី ប៉ាន់ស្មានថា រដ្ឋាភិបាលនឹងត្រូវចំណាយទឹកប្រាក់ចន្លោះចាប់ពី ២៣ ទៅ ៣៣ ពាន់លានដុល្លារអាមេរិច ដើម្បីសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង ឬរដ្ឋធានីថ្មីនោះ ដើម្បីអាចឲ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក និងក្រុមហ៊ុនបរទេសអាចចូលមកវិនិយោគច្រើនដូចទីក្រុងហ្សាកាតាបាន។