៥ ថ្ងៃឈប់សំរាកនេះ ខេត្តរតនគិរី ទទួលភ្ញៀវទេសចរណ៍បានជាង ៥ ម៉ឺននាក់

រតនគិរី៖ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរទៅកំសាន្តនៅខេត្តរតនគិរី ក្នុងឱកាសថ្ងៃឈប់សំរាកចំនួន ៥ ថ្ងៃ ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ នៅតែបន្តមានការកើនឡើង ទោះបីស្ថិតក្រោមការវាយប្រហារនៃជំងឺកូវីដ ១៩ ក៏ដោយ ដោយក្នុងនោះផ្ទះសំណាក់ សណ្ឋាគារ មានភ្ញៀវកក់ និងស្នាក់នៅពេញៗតែម្ដង។

តាមរយៈការបញ្ជាក់ របស់លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ដរតនគិរីបានឱ្យដឹងថា នៅក្នុងរយៈពេល ៥ថ្ងៃ នៃ​ការឈប់​សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី ២១ ខែសីហា ម្សិលមិញនេះ មានភ្ញៀវទេស​ចរចំនួន ៥០,៦២៨ នាក់ ដោយក្នុងនោះភ្ញៀវអន្តរជាតិចំនួន ១៧៩ នាក់ បានមកលេងកម្សាន្ត​នៅ​តាមតំបន់​រមណីយដ្ឋាន​ធម្មជាតិជាច្រើន ក្នុងខេត្តខេត្តរតនគិរី។ ជាលទ្ធផល​ផ្ទះសំណាក់ និង​សណ្ឋាគារជា​ច្រើន មានភ្ញៀវស្នាក់នៅពេញ​ទាំងអស់។

​​លោក ង៉ែត ពិទូ បានបញ្ជាក់បន្ថែមទៀតថា គិត​ត្រឹម​ល្ងាចថ្ងៃទី ​២១ ភ្ញៀវទេសចរបានមក​ទស្សនា ​កម្សាន្តតាម​រមណីយដ្ឋាននៅក្នុង​ខេត្តរតនគិរីមាន​ចំនួន ១៤ កន្លែង សុទ្ធសឹងជា​រមណីយដ្ឋានធម្មជាតិ ដែល​កំពុង​ពេញនិយម។ ក្នុងនោះតំបន់រមណីយដ្ឋាន ដែល​មាន​ភ្ញៀវទេសចរ ទៅលេង​កម្សាន្តយ៉ាងច្រើន​ជាងគេមាន ៣ កន្លែងរួមមាន៖ 

ក. បឹងយក្សឡោម 

ខ. ​ទឹកធ្លាក់អូរស៊ឺនលែ 

គ. បឹងលំកុដ 

ក្រៅពីរមណីយដ្ឋានធម្មជាតិ​ទាំងបីកន្លែងនេះ ក៏មានរមណីយដ្ឋានដទៃទៀតដែរ ដែលមានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ។ លោកបានកត់សម្កាល់ឃើញថា ក្នុងរយៈ​ពេល​៥ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅលេងកម្សាន្ត គឺភ្ញៀវទេសចរទាំងអស់​បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អពោលគឺ ក្រោយហូបចុករួចពួកគាត់​បានវេច​ខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។

ជាមួយគ្នានេះ ភ្ញៀវទេសចរណ៍មានស្មារតីម្ចាស់​ការចូល​រួមការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការចូលខ្លួនឱ្យបាញ់កម្ដៅការលាងសម្អាត​ដៃនៅតាមឡាបូសាធារណៈ ដែលបានរៀបចំជូននៅតាម រមណីយដ្ឋាននានា ការពាក់​ម៉ាស់ និងការរក្សាគម្លាតសង្គមជាដើម។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ដក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេស​ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែលបានចូល​រួម ​ជាមួយ​អាជ្ញាធរខេត្ត ក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់​ក្រសួងសុខាភិ​បាល ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យមានរលកទី២នៃការរាតត្បាតជំងឺកូវីដ-១៩។

 

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី