តើប្រ៊ុយណេ ជាប្រទេសអ្នកមានកម្រិតណា?

ប្រ៊ុយណេជាប្រទេសមួយនៅក្នុងសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយ ប៉ុន្តែប្រ៊ុយណេប្រហែលជាប្រទេសដែលយើងបានដឹងលឺព័ត៌មានតិចតួចបំផុត ហើយអ្វីដែលយើងបានដឹងច្បាស់បំផុតនោះគឺធនធានប្រេង រ៉ែ និងខ្សែរាជវង្ស ដែលមានទ្រព្យសម្បត្តិមហាសាល។ ថ្ងៃនេះ យើងនឹងមកស្វែងយល់ព័ត៌មានសំខាន់មួយចំនួនអំពីប្រទេសប្រ៊ុយណេ។ 

១. ទីតាំងភូមិសាស្ត្រ

ប្រ៊ុយណេ មានទីតាំងស្ថិតនៅលើកោះ Borneo ព័ន្ធជុំវិញទាំង ៣ ទិសដោយប្រទេសម៉ាឡេស៊ី និងភាគខាងជើងជាប់នឹងសមុទ្រចិនខាងត្បូង មានរាជធានីឈ្មោះ Bandar Seri Begawan។ ប្រ៊ុយណេ មានផ្ទៃដីសរុប ៥,៧៦៥ គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនសរុបជាង ៤៣៧,៥០០ នាក់គិតត្រឹមឆ្នាំ ២០២០ ហើយប្រជាជន ៨០% កាន់សាសនាអ៊ីស្លាម និកាយស៊ុននី និងប្រើប្រាស់ភាសាម៉ាឡេ ជាផ្លូវការ។

២. ធនធាននៃប្រទេសប្រ៊ុយណេ

ប្រទេសប្រ៊ុយណេ ត្រូវបានគេចាត់ទុកថាជាប្រទេសមានជាងគេបំផុតមួយនៅលើលោកក្នុងតារាងកំពូល Top 10 ដែលកម្រិតនៃ GDP Per Capita មានតម្លៃ ៧៩,០០០ ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងសហរដ្ឋអាមេរិចដែលមានត្រឹម ៥៩,៩០០ ដុល្លារ កាលពីឆ្នាំ ២០១៥ នេះក៏ដោយសារប្រទេសប្រុយណេ សម្បូរដោយធនធានច្រើនមហាសាល ខណៈចំនួនប្រជាជនមានមិនដល់កន្លះលាននាក់ផង។ 

ជាការពិត ប្រទេសប្រ៊ុយណេជាស្ដេចអណ្ដូងប្រេង មានធនធានប្រេងច្រើនបំផុតមួយលើលោក ដោយប្រទេសប្រ៊ុយណេចាប់ផ្ដើមរុករកប្រេងនៅក្នុងឆ្នាំ ១៩២៩ និងបានកែប្រែមុខមាត់ប្រទេសទាំងស្រុង រហូតដល់ឆ្នាំ ១៩៧៩ ធ្វើឲ្យកម្រិត GDP Per Capita កើនឡើងដល់កំពូលស្មើនឹង ១៣៤,០០០ ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។ 

នៅតំបន់អាស៊ីអាគ្នេយ៍ ប្រ៊ុយណេជាប្រទេសផលិតប្រេងធំបំផុតលំដាប់ទី៣ ជាមធ្យមនាំចេញប្រេងទំហំ ១៨០,០០០ បារែល/ថ្ងៃ បើគិតពីប្រទេសដែលមានទំហំតូចជាងគេ ហើយការនាំចេញប្រេង រួមចំណែកផលិតផលនៃការនាំចេញសរុបនៃប្រទេសប៊្រុយណេស្ទើរតែ ៩៩% និងរួមចំណែកផលិតផលក្នុងស្រុកសរុបខ្ទង់ ៧០%។ តួយ៉ាងក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell ដ៏ធំមួយនៅអឺរ៉ុប បានទិញមួយភាគធំពីប្រទេសប្រ៊ុយណេ។ បើនិយាយជារួម សេដ្ឋកិច្ចប្រទេសប្រ៊ុយណេ ពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យធនធានប្រេង រ៉ែ និងឧស្ម័នធម្មជាតិ។ 

៣. សុខមាលភាពនៃប្រទេសប្រ៊ុយណេ

ប្រជាជនប្រ៊ុយណេ ភាគច្រើនរស់នៅក្នុងជីវភាពសុខស្រួល ដោយសារតែភ័ព្វសំណាងនៃធនធានធម្មជាតិ ហើយអ្វីៗជាច្រើនត្រូវបានរ៉ាប់រងដោយព្រះមហាក្សត្រ ដែលគ្រប់គ្រងប្រទេស។ ជាក់ស្ដែង ប្រទេសប្រ៊ុយណេ មិនមានការយកពន្ធលើប្រាក់ចំណូលអ្វីៗទាំងអស់ ដែលគេហៅថា Tax-Free Country លើសពីនេះទៀត វិស័យអប់រំនៅតាមគ្រប់សាលារៀន សកលវិទ្យាល័យ វិស័យសុខាភិបាលគ្រប់មន្ទីពេទ្យ សុទ្ធតែមិនគិតថ្លៃទាំងអស់ ពោលអ្វីៗទាំងនោះត្រូវបានរ៉ាប់រងជូនដោយព្រះមហាក្សត្រ។ ដូចនេះ ធ្វើឲ្យប្រទេសប្រ៊ុយណេ មានអត្រាអក្ខរកម្ម កម្រិតនៃការចេះដឹងច្រើនដល់ជាង ៩៣% ដែលខ្ពស់បំផុតមួយលើលោក ហើយប្រជាជន ២ ភាគ ៣ សុទ្ធសឹងតែមានរថយន្ដជិះ និងរីករាយជាមួយនឹងការចំណាយលើប្រេងសាំងតម្លៃថោកបំផុត។ បន្ថែមពីនេះ សូម្បីតែប្រជារាស្ត្រណាមួយ ដែលត្រូវការប្រាក់ទិញផ្ទះ ត្រូវបានធនាគារទាំងអស់ផ្ដល់កម្ចីក្នុងនាមព្រះមហាក្សត្រ Sultan ជាមួយអត្រាការប្រាក់ ០%។ 

៤. ព្រះមហាក្សត្រ

ប្រទេសប្រ៊ុយណេ ជារដ្ឋអីស្លាមនិងជាប្រទេសរាជាធិបតេយ្យ (absolute monarchy) ដូចនេះយើងមិនអាចនិយាយពីប្រទេសប្រ៊ុយណេ ដោយមិននិយាយអំពីព្រះមហាក្សត្រឡើយ។ ព្រះប្រមុខរដ្ឋ ត្រូវបានគេហៅថា Sultan of Brunei ហើយព្រះមហាក្សត្របច្ចុប្បន្នគឺព្រះអង្គម្ចាស់ Hassanal Bolkiah គ្រងរាជចាប់ពីឆ្នាំ ១៩៦៧ បានក្លាយជាស្ដេចគ្រងរាជបានយូរជាងគេបំផុតលើលោក បន្ទាប់ពីម្ចាស់ក្សត្រី Queen Elizabeth និងជាស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក។ ព្រះអង្គម្ចាស់ Hassanal Bolkiah មានតួនាទីជាច្រើនក្នុងការគ្រប់គ្រងប្រទេស ដូចជា៖ ដំណែងនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម, រដ្ឋមន្ត្រីការពារជាតិ, អគ្គនាយកស្នងការដ្ឋានប៉ូលីស, និងជាអធិការបតី នៃសកលវិទ្យាល័យជាតិ។ 

ព្រះអង្គម្ចាស់ Hassanal Bolkiah មានទ្រព្យសម្បត្តិយ៉ាងតិចបំផុតជាង ២៧.៧ ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិព្រះអង្គកើនឡើងជាមធ្យម ១៤៧ ដុល្លារក្នុងមួយវិនាទី ហើយព្រះអង្គមានរាជវាំង Istanan Nurul Iman ដែលស្ថិតនៅក្នុងកំណត់ត្រាពិភពលោក world's largest residential palace ដែលមានទំហំជាង ២០០,០០០ ម៉ែត្រការ៉េ ប៉ាន់ស្មានតម្លៃជាង ១.៨ ពាន់លានដុល្លារ, មានយន្ដហោះផ្ទាល់ខ្លួនតម្លៃថ្លៃបំផុត, រថយន្ដ Rolls Royce ស្រោបមាសសុទ្ធ -ល- ដែលទ្រព្យសម្បត្តិជាច្រើនទាំងអស់នេះរបស់គ្រួសាររាជវង្ស បានធ្វើឲ្យប្រទេសប្រ៊ុយណេទទួលបានសុខមាលភាពយ៉ាងច្រើន។ 

៥. បញ្ហាប្រឈម

ត្បិតតែប្រ៊ុយណេជាប្រទេសដែលមានកម្រិត GDP ខ្ពស់បំផុតមួយធៀបនឹងចំនួនប្រជាជន ប៉ុន្តែមិនមែនមានន័យថាប្រជាជនប្រ៊ុយណេ សុទ្ធសឹងតែជាមហាសេដ្ឋីឡើយ។ ពោលកម្រិតភាពក្រីក្រក្នុងប្រទេសមិនបានបង្ហាញឡើយ ប៉ុន្តែគេប៉ាន់ស្មានថាអត្រាភាពក្រីក្រក្នុងប្រទេសប្រ៊ុយណេ មានប្រហែល ៥%។ ហើយអ្វីដែលជាបញ្ហាធំបំផុតនៃប្រទេសនេះ គឺកម្រិតធនធានកំពុងអស់បន្ដិចម្ដងៗ ដោយតាមការស្រាវជ្រាវអាងប្រេងប្រ៊ុយណេ នឹងត្រូវបាត់បង់ចាប់ពីឆ្នាំ ២០៣៥ ទៅដល់ ២០៥០ ដែលអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសេដ្ឋកិច្ចប្រទេសប្រ៊ុយណេ ពឹងផ្អែកខ្ពស់លើធនធានធម្មជាតិ ចំណែកវិស័យទេសចរណ៍វិញ កាលពីឆ្នាំ ២០១៩ ទទួលបានភ្ញៀវអន្តរជាតិមិនដល់ ៥ សែននាក់ផង។ ដូចនេះ តើអនាគតប្រទេសប្រ៊ុយណេ នឹងប្រែប្រួលយ៉ាងណា?