នៅពេលដែលយើងបានឃើញរូបភាពប្រាសាទបុរាណខ្មែរ ដែលមានរឹសឈើធំៗចាក់គ្រឹះយ៉ាងរឹងមាំមកលើប្រាសាទ យើងប្រាកដជាស្គាល់ភ្លាមថា នេះគឺជាប្រាសាទតាព្រហ្ម។ ជាការពិត ប្រាសាទតាព្រហ្មគឺស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យមួយក្នុងចំណោមប្រាសាទបុរាណខ្មែរ ហើយភាពល្បីល្បាញគឺដោយសារការផ្សារភ្ជាប់ជាមួយធម្មជាតិ និងដើមឈើដ៏ធំៗ សម្រាប់បញ្ជាក់ឲ្យឃើញថាប្រាសាទនេះមានអាយុកាលមិនតិចនោះទេ ហើយទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកថតរូបភាពនៅប្រាសាទនេះឲ្យខានតែបាន នៅពេលមកដល់សៀមរាបទឹកដីអង្គរម្ដងៗ។
ប្រាសាទតាព្រហ្ម មានឈ្មោះដើមថា រាជវិហារ ដែលយើងអាចធ្វើដំណើរចេញពីវង់តូចនៃប្រាសាទបាយ័ន (អង្គរធំ) តាមទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល ១ គីឡូម៉ែត្រ ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ យើងនឹងឃើញផ្លូវចូលប្រាសាទតាព្រហ្ម។ ប្រាសាទតាព្រហ្ម ត្រូវបានកសាងឡើងនៅក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី ៧ ក្នុងសតវត្សទី ១២ (កំឡុងឆ្នាំ ១១៨៦ នៃគ្រឹស្តរាជ ក្រោយការបញ្ជប់សំណង់ប្រាសាទអង្គរវត្ត) ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីដ៏ពិសិដ្ឋ (Prajnaparamita: The perfection of wisdom)។ ស្ថាបត្យកម្មប្រាសាទតាព្រហ្ម គឺជារចនាបថបាយ័ន ដែលយើងបានដឹងរួចហើយថា រចនាបថបាយ័នគឺជាប្រាសាទសម្រាប់គោរពបូជាបែបព្រះពុទ្ធសាសនា ហើយប្រាសាទនេះសាងសង់ឡើងដោយថ្មបាយក្រៀម និងថ្មភក់ មានទីធ្លារធំទូលាយ ដោយកំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០ x ១,៥០០ ម៉ែត្រឯណោះ (ធំជាងប្រាសាទអង្គរវត្តទៅទៀត) និងមានកំពែង ៥ ជាន់ រួមជាមួយប្រាង្គប្រាសាទដល់ទៅ ៣៩ ប្រាសាទ គ្របដណ្ដប់នៅលើផ្ទៃដី ៦៥០,០០០ ម៉ែត្រការ៉េ។
ប្រាសាទតាព្រហ្ម ត្រូវបានថែរក្សាយ៉ាងល្អនៅក្នុងសម័យអង្គរ ហើយតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទូរ និងការប្រើប្រាស់កាំរស្មី LiDAR បង្ហាញថាប្រាសាទមួយនេះ មានមនុស្សរស់នៅប្រហែល ១២,៥០០ នាក់ឯណោះ នៅក្នុងសម័យបុរាណ។ ប៉ុន្តែក្នុងរយៈពេលនៃការចាកចោលក្រុងអង្គរសតវត្សទី ១៥ ដែលគេបានសម្មត់ថានៅឆ្នាំ ១៤៣១ នៃគ្រឹស្តរាជ ដោយសារការឈ្លានពានរបស់សត្រូវ ប្រាសាទបាយ័នត្រូវបានបោះបង់នៅក្នុងព្រៃអស់រយៈពេលប្រហែល ៤០០ ទៅ ៥០០ ឆ្នាំ រហូតដល់បម្រែបម្រួលអាកាសធាតុ ទទួលរងភ្លៀងខ្យល់ និងការវិវត្តរបស់រុក្ខជាតិអស់ជាច្រើនរយឆ្នាំនោះ បានធ្វើឲ្យសំណង់ប្រាសាទបាក់បែកយ៉ាងខ្លាំង ថែមទាំងមានដើមឈើធំៗបានចាក់ឬសទៅក្នុងប្រាសាទ បណ្ដាលឲ្យសំណង់ខ្លះដួល និងក្លាយទៅជាគ្រឹះសម្រាប់ដើមឈើទាំងនោះទៅហើយ។
ប្រាសាទតាព្រហ្ម ត្រូវបានស្ថាបនាឡើងវិញដោយក្រុមអ្នកជំនាញនៅក្នុងសតវត្សទី ២១ បន្ទាប់ពីបានរកឃើញនៅក្នុងព្រៃក្នុងសម័យអណានិគមបារាំង ដែលប្រាសាទមួយនេះត្រូវបានគ្របដណ្ដប់ទៅដោយព្រៃនិងដើមឈើចាក់ឬសពេញទៅហើយ និងក្លាយទៅជាទស្សនីយភាពមួយប្លែកពីប្រាសាទដ៏ទៃទៀត។ ប្រាសាទតាព្រហ្ម ត្រូវបានដាក់ចូលនៅក្នុងបេតិកភ័ណ្ឌពិភពលោក នៃតំបន់អភិរក្សអង្គរក្នុងឆ្នាំ ១៩៩២ ហើយភាពល្បីល្បាញនិងទិដ្ឋភាពដ៏អស្ចារ្យរបស់ប្រាសាទតាព្រហ្ម ក៏បានទាក់ទាញខ្សែភាពយន្ដហូលីវូដ Tomb Raider ដែលសម្ដែងដោយ Angelina Jolie មកផលិតនៅក្នុងទីតាំងនោះដែរ ដោយបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ កាន់តែចង់ដឹងចង់ឃើញប្រាសាទតាព្រហ្មនេះថែមមួយកម្រិតទៀត។