ធនាគារជាតិកម្ពុជា មានគោលដៅលើកកម្ពស់ប្រាក់រៀល និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិច!

ជាដំបូងគូសបញ្ជាក់ថា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះគឺជាខួបទី ៤១ អបអរសាទរនៃការចរាចរណ៍ប្រាក់រៀលឡើងវិញក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ចាប់ពីថ្ងៃទី ២០ មីនា ឆ្នាំ១៩៨០ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដែលរបបនេះធ្លាប់លុបបំបាត់រូបិយប័ណ្ណប្រាក់រៀលអស់រយៈពេលជិត ៤ ឆ្នាំ។ រហូតមកដល់ឆ្នាំ១៩៩៣ ក្រោយពេលដែលអង្គការសហប្រជាជាតិ UNTAC ចូលមកស្វែងរកសន្ដិភាព និងរៀបចំការបោះឆ្នោតក្នុងប្រទេសកម្ពុជា យើងបានចាប់ផ្ដើមប្រើប្រាស់រូបិយប័ណ្ណ ២ ជាផ្លូវការដែលរួមមាន ប្រាក់រៀល (៛) និងប្រាក់ដុល្លារអាមេរិច ($)។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ធនាគារជាតិកម្ពុជា បានចាប់ផ្ដើមលើកទឹកចិត្តចំពោះការប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើនឡើង នៅតាមស្ថាប័នឯកជន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ -ល-  ក្រោមពាក្យស្លោកមួយថា «លុយរៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច»។ 

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កាលពីខែកញ្ញា ឆ្នាំ២០២០ ថាតម្រូវការប្រាក់រៀលកម្ពុជា បានកើនឡើងជាមធ្យម ១៦% ក្នុងមួយឆ្នាំ បើយើងគិតរយៈពេល ២ ទសវត្សចុងក្រោយនេះ ហើយអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ដល់ ៧.៨% ជាមធ្យម ដោយក្នុងនោះក៏មានចរាចរណ៍ប្រាក់ដុល្លារអាមេរិចក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជាផងដែរ។ យ៉ាងណាមិញ ធនាគារជាតិកម្ពុជា ជឿជាក់ថាគ្រប់ក្រសួង ស្ថាប័ន ក្រុមហ៊ុនពាក់ព័ន្ធដែលកំពុងធ្វើការក្នុងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រព័ន្ធធនាគារ ដែលប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀល។ ជាមួយគ្នានេះ ធនាគារជាតិ បានបញ្ចេញឲ្យប្រើប្រាស់នូវក្រដាសប្រាក់រៀលចាប់ពី ១០០ រៀល ទៅដល់ ១០០,០០០ រៀល (ដប់ម៉ឺនរៀល) ដើម្បីបង្ករភាពងាយស្រួលដល់ការចាយវាយនៅលើទីផ្សារ ហើយធនាគារជាតិក៏បានផ្អាកការនាំចូលបន្ថែមនូវក្រដាសប្រាក់ដុល្លារអាមេរិច ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ កាលពីចុងឆ្នាំមុនផងដែរ។ 

លើសពីនេះទៅទៀត កាលពីឆ្នាំ២០២០ ធនាគារជាតិ បានអភិវឌ្ឍន៍នូវប្រព័ន្ធរូបិយប័ណ្ណឌីជីថលដំបូងគេនៅកម្ពុជា មានឈ្មោះថា «បាគង» ដែលយើងអាចទាញយកកម្មវិធីនេះប្រើប្រាស់នៅលើទូរសព្ទដៃ ឬកុំព្យូទ័រ ដើម្បីទូទាត់ការចំណាយ និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយបណ្ដាធនាគារផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ កម្មវិធី «បាគង» ខាងលើនេះយើងរំពឹងថានឹងអាចជំរុញដល់ការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀល នៅលើប្រព័ន្ធឌីជីថល ដូចជា e-payments ឬ e-wallets ដែលវានឹងជួយរក្សាស្ថេរភាពប្រាក់រៀលផងដែរ។