អាជ្ញាធរខេត្តពោធិ៍សាត់ បានរៀបចំរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងឱ្យក្លាយទៅជាតំបន់ទេសចរណ៍ផ្សង ព្រេងមួយដ៏ទាក់ទាញ ដើម្បីធ្វើឱ្យភ្ញៀវមកលេងកម្សាន្តហើយបន្តការស្នាក់នៅ ដែលជាប្រភពចំណូល ជាច្រើនដល់សហគមន៍ ខណៈដែលសកម្មភាពទេសចរណ៍ផ្សងព្រេងនេះ មានអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការជួយទប់ស្កាត់បទល្មើសព្រៃឈើ ការបរបាញ់សត្វជាដើម។ លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំង សហគមន៍ បានពង្រឹងនិងកែលម្អដើម្បីធ្វើឱ្យប្រសើរឡើង នូវភាពទាក់ទាញនិងមានការរីកចម្រើនបន្ថែម ទៀត សម្រាប់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ ។
លោកបន្តថា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងនេះ បង្កប់ក្នុងព្រៃធម្មជាតិនៃកម្រងជួរភ្នំឱរ៉ាល់ខេត្ត ពោធិ៍សាត់ ដោយមានសក្តានុពលគួរជាទីទាក់ ទាញជាច្រើន រួមមាន មានទឹកធ្លាក់ជាច្រើនដំណាក់ និងត្រជាក់គ្រប់រដូវកាល , ធនធានធម្មជាតិសម្បូរបែបអមទៅដោយសម្រស់ធម្មជាតិព្រៃភ្នំខៀវស្រងាត់ , ទេសភាពទឹកជ្រោះដ៏ស្រស់ស្អាត, អាកាសធាតុមានភាពទាក់ទាញខ្លាំង , កន្លែងកម្សាន្តធំទូលាយ , មានលក់កសិផល និងផលិតផលផ្សេងៗរបស់សហគមន៍ , ម្ហូបអាហារមានរសជាតិឆ្ងាញ់ពិសានិងមាន អនាម័យល្អ , រោងលំហែអង្គុយតាមមាត់ជ្រោះ , មគ្គុទ្ទេសក៍ទេសចរណ៍ , បោះតង់ , ជិះកង់កម្សាន្តក្នុង ព្រៃសហគមន៍ ។
និយាយពីចំណុចទាក់ទាញរបស់ទឹកធ្លាក់ច្រកល្អៀងនេះ ដូចជា៖
ទី១ មានទឹកត្រជាក់គ្រប់រដូវ ហើយមានផ្ទាំងថ្មតូចធំទឹកធ្លាក់ជាច្រើនដំណាក់ ដែលទាំងអស់មាន១១ ដំណាក់ ហើយមានទេសភាព ស្អាតនិងជាជម្រកសត្វព្រៃជាច្រើនប្រភេទជាព្រៃឈើសម្បូរបែប ដែល កន្លែងនេះគឺខាងអាជ្ញាធរពាក់ព័ន្ធ មានការការពារបានល្អណាស់ ហើយបើនិយាយពីសត្វស្វាវិញគឺសម្បូរ ណាស់
ទី២.គឺយើងមានលក់ កសិផលនិងផលិតផលផ្សេងៗរបស់សហគមន៍ ដែលខាងមន្ទីរបានរៀបចំ
ទី៣.យើងមានទីតាំងទូលាយធំ ហើយមួយវិញទៀត គឺយើងមានការរៀបចំរោងលំហែអង្គុយតាមមាត់ ជ្រោះ ជាពិសេស គឺមានសេវាកម្មបោះតង់នៅក្នុងរមណីយដ្ឋានផងដែរ។ លោកបានបន្ថែមទៀតថា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង គឺជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលមានសម្រស់ដ៏ស្រស់បំព្រង ក្នុងចំណោមរមណីយដ្ឋានដ៏ល្អៗ និងស្រស់បំព្រងជាច្រើនកន្លែងទៀត ក្នុងខេត្តពោធិ៍សាត់ ។ សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មាន ចម្ងាយ១៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង៧៣ គីឡូ ម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។