អត្ថប្រយោជន៍ផ្ទុយគ្នារវាង រង្វង់មូល និងភ្លើងស្ដុប!

ភ្លើងស្ដុបមិនខុសពីរង្វង់មូលនោះទេ ដោយពួកវាសុទ្ធសឹងតែជាចំណុចប្រសព្វរវាងផ្លូវធ្វើដំណើរ ដែលភាគច្រើនគឺមានចាប់ពី ៤ ផ្លូវឡើងទៅ និងជាតំបន់សម្រាប់យានយន្ដអាចត្រូវប្ដូរទិសដៅផងដែរ។ ប៉ុន្តែនៅត្រង់ចំណុចប្រសព្វនៃផ្លូវទាំងនោះ ត្រូវបានគេជ្រើសរើសផ្សេងៗគ្នា ដោយពេលខ្លះគេសាងសង់ជារង្វង់មូល ហើយពេលខ្លះគេបំពាក់ភ្លើងស្ដុបវិញ ជាក់ស្ដែងក្នុងទីក្រុងភ្នំពេញ រង្វង់មូលត្រូវបានលុបចោលម្ដងមួយៗ ដោយជំនួសមកវិញនូវភ្លើងស្តុប ស្ពានអាកាស -ល-។ អញ្ចឹងតើរង្វង់មូល និងភ្លើងស្ដុប មួយណាមានភាពប្រសើរជាង? យើងមិនអាចសន្មត់បានថាមួយណាប្រសើរជាងនោះទេ ជាការពិតយើងត្រូវមើលទៅតាមស្ថានភាពជាក់ស្ដែង ហើយបើតាមទស្សនៈរបស់វិស្វករសំណង់ផ្លូវថ្នល់ យល់ថា បើចង់ដឹងថាមួយណាប្រសើរជាងគេត្រូវគិតគូរអំពីការចំណាយ, លំហូរនៃចរាចរណ៍, និងសុវត្ថិភាព។ 

1. សុវត្ថិភាព

ការសិក្សារបានបង្ហាញថា ផ្លូវដែលជាចំណុចប្រសព្វគឺជាតំបន់ដែលមានគ្រោះថ្នាក់ច្រើនជាងគេបំផុត ជាពិសេសនៅពេលមានការធ្វើដំណើរឆ្លងកាត់ច្រើន។ ចំណែកឯរង្វង់មូល គេសម្គាល់ឃើញថាវាមានគ្រោះថ្នាក់តិចជាងចំណុចផ្លូវដែលបំពាក់ភ្លើងស្ដុបរហូតដល់ ៣៧% ឯណោះ ដោយសារតែរង្វង់មូលតម្រូវឲ្យអ្នកបើកបរត្រូវបន្ថយល្បឿនជាគំហិត ពេលធ្វើដំណើរមកដល់ ហើយថែមទាំងធ្វើដំណើរឯកទិស (ទិសដៅតែមួយ) ទៀតផង ដូចនេះហានិភ័យនៃការប៉ះទង្គិចមានតិចតួចជាង។ 

2. លំហូរនៃចរាចរណ៍

ចំពោះលំហូរចរាចរណ៍ នៅតំបន់រង្វង់មូល វាតែងតែបង្ករភាពយឺតយ៉ាវជាងភ្លើងស្ដុប ដោយសារតែភ្លើងស្ដុបមានភ្លើងក្រហមនិងបៃតង សម្រាប់បញ្ជាឲ្យឈប់ និងបរទៅមុខ ដែលជាលក្ខណៈបែងចែងជាអតិភាពសម្រាប់ធ្វើដំណើរ។ ចំណែកឯរង្វង់មូលវិញ មិនបានចែកអតិភាពនោះទេ ពោលគឺអាចធ្វើដំណើរបានមកពីគ្រប់ទិសទាំងអស់ ហើយប្រសិនបើផ្លូវមមាញឹកខ្លាំង វានឹងធ្វើឲ្យលំហូរមានភាពយឺតយ៉ាវ និងងាយបង្ករជាបញ្ហាស្ទះចរាចរណ៍ជាង។ យ៉ាងណាមិញ នៅពេលដាច់ចរន្ដអគ្គិសនី ភ្លើងស្ដុបត្រូវការមានប៉ូលិសចរាចរណ៍មកសម្រួលជានិច្ច ពុំដូចនោះទេវានឹងស្ទះគ្រប់ទិសតែម្ដង ខុសពីរង្វង់មូលដែលមានលំហូរចរាចរណ៍ឯកទិស។

3. ការចំណាយ

ចំពោះផ្នែកចំណាយ វាមានគុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួន ប្រសិនបើយើងនិយាយអំពីការសាងសង់ រង្វង់មូលគឺត្រូវចំណាយអស់ច្រើនជាង ដោយគិតទៅលើទំហំ ការរចនា និងការប្រើប្រាស់ទីធ្លារផ្លូវជាដើម ប៉ុន្តែរង្វង់មូលបានផ្ដល់ផលមកវិញ រយៈវែង។ ចំណែកឯភ្លើងស្ដុបវិញ ការចំណាយសាងសង់អស់ទឹកប្រាក់តិចជាង ប៉ុន្តែគេត្រូវចំណាយអគ្គិសនីជារៀងរាល់ថ្ងៃ ដោយជាមធ្យម ក្នុងមួយឆ្នាំ រង្វង់មូលចំណេញ ៥,០០០ ទៅ ១០,០០០ ដុល្លារឯណោះទៅលើការមិនខ្ជះខ្ជាយអគ្គិសនី។ ម្យ៉ាងវិញទៀត ភ្លើងស្ដុបត្រូវការចំណាយជួសជុលថែទាំជាប្រចាំ និងត្រូវការចំណាយញឹកញាប់ជាងរង្វង់មូល បើទោះជាការសាងសង់ចំណាយប្រាក់តិចក៏ដោយ។

ជាសរុបមកវិញ ការសាងសង់រង្វង់មូលនៅលើចំណុចប្រសព្វនានា គេនិយមធ្វើឡើងនៅតំបន់ដែលមានទីធ្លារធំទូលាយ តំបន់ដែលមានផ្លូវកាត់ច្រើន និងសមស្របជាមួយលំហូរចរាចរណ៍កម្រិតមធ្យម។ ចំណែកឯភ្លើងស្ដុបវិញ បំពាក់នៅចំណុចប្រសព្វផ្លូវតូចៗ ឬផ្លូវធំដែលប្រសព្វផ្លូវច្រើន ផ្លូវដែលគេអាចបែងចែកអតិភាពនៃការធ្វើដំណើរបានត្រឹមត្រូវ ផ្លូវដែលមានលំហូរចរាចរណ៍កម្រិតតិច ឬច្រើន -ល-។ ចំណុចទាំងនេះគឺជាអ្វីដែលចរាចរណ៍ក្នុងតំបន់នីមួយៗធ្វើការសិក្សា និងជ្រើសរើសរវាងការសាងសង់រង្វង់មូល និងភ្លើងស្តុប ដោយវាសុទ្ធសឹងតែមានផលប្រយោជន៍និងផលវិបាករៀងៗខ្លួន ហើយពេលខ្លះគេត្រូវមានរង្វង់មូល បូកជាមួយភ្លើងស្ដុបបន្ថែមទៀតផង ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញ ដោយសារមានការកើនឡើងនៃយាន្ដជំនិះច្រើនទើបធ្វើឲ្យរង្វង់មូលទប់ចរាចរណ៍មិនបានល្អដូចមុននោះទេ អញ្ចឹងហើយទើបរង្វង់មូលភាគច្រើននៅតំបន់ផ្លូវធំៗប៉ុណ្ណោះ។