រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ ដែលអ្នកគ្រប់គ្នាស្ទើរតែភ្លេច និងអ្នកខ្លះទៀតខាន ទៅលេងកម្សាន្ដជាយូរយាណាស់មកហើយនោះ នៅពេលនេះហាក់បីដូចជា កំពុងទាក់ទាញចំណាប់ អារម្មណ៍ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឡើងវិញ។ រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅនេះ បានបើកដំណើរការ ប្រមាណអស់រយៈពេលជាង ២០ ឆ្នាំមកហើយ គិតរហូតមកទល់ពេលនេះ ហើយភ្ញៀវទេសចរខ្លះក៏ប្រហែលគិតថា សួនសត្វនេះ នឹងមិនមានសេលសល់ សត្វច្រើនសម្រាប់ទស្សនា ដូចកាលពីមុនផងដែរ។
តែយ៉ាងណាមិញ បើតាមការមើលឃើញ នៅលើបណ្ដាញសង្គមបច្ចុប្បន្ននេះ ឃើញថាមានភ្ញៀវទេសចរជាតិជាច្រើន កំពុងចាប់អារម្មណ៍ និងចាប់ផ្ដើមទៅលេងកម្សាន្ដ នៅរមណីយដ្ឋានសួនសត្វនេះ ឡើងវិញយ៉ាងកុះករ។ ក្នុងនោះផងដែរ យើងក៏ឃើញមាន Influencer និងតារាសិល្បៈក្នុងស្រុកយើងជាច្រើន បានទៅលេងកម្សាន្ដ ផ្ដិតយកទិដ្ឋភាព និងបង្ហាញពីចំណាប់អារម្មណ៍ របស់ពួកគេផងដែរ។
ជាការពិតណាស់ រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ នាពេលបច្ចុប្បន្ននេះ គឺនៅតែបើកដំណើរការ និងមានសត្វព្រៃកម្រៗ ជាច្រើនប្រភេទសម្រាប់ ឲ្យភ្ញៀវទេសចរណ៍មកទស្សនា។ បើយើងក្រលេកមើលកាលពីមុន និងបច្ចុប្បន្ន សួនសត្វភ្នំតាម៉ៅបច្ចុប្បន្ននេះ មានការអភិរក្សសត្វច្រើន ជាមុនទៅទៀត ដោយសត្វទាំងអស់នោះ ភាគច្រើនសុទ្ធតែជាប្រភេទសត្វកម្រ ដូចជាខ្លាភ្នំ ក្រពើភ្នំ ដំរី ស្វាព្រៃ ឈ្លូស និងសត្វកម្រផ្សេងៗជាច្រើនទៀត។ ជាពិសេស សត្វដំរីឈ្មោះឈូក ដែលពិការជើង កំពុងទទួលការថែទាំព្យាបាល ពីក្រុមអភិរក្សសត្វនៅទីនោះ និងមានសត្វដំរីមួយទៀត ដែលចេះគូររូប ទាត់បាល់ និងរាំជាដើម។
បច្ចុប្បន្នរមណីយដ្ឋាន សួនសត្វភ្នំតាម៉ៅនេះ ត្រូវបានចូលរួមអភិរក្ស និងការពារពីភាគីពាក់ព័ន្ធ ជាច្រើនដូចជា អង្គការការពារសត្វព្រៃ Wildlife Alliance និងលោក Nick Mark ដែលជាជនបរទេស ចូលរួមអភិរក្សសត្វព្រៃ នៅភ្នំតាម៉ៅអស់រយៈពេល ២០ ជាងមកហើយ។ គួរបញ្ជាក់ផងដែរថា សត្វព្រៃកម្រៗទាំងអស់ នៅក្នុងសួនសត្វភ្នំតាម៉ៅនេះ គឺសុទ្ធតែសត្វដែលត្រូវបាន ជួយសង្រ្គោះពីការជាប់អន្ទាក់ របស់ជនខិលខូចមួយចំនួន ហើយសត្វទាំងអស់នេះ បច្ចុប្បន្នកំពុងទទួល បានការព្យាបាល និងថែទាំផ្សេងៗ មុនពេលប្រលែងចូលទៅក្នុងព្រៃវិញ។ ដូច្នេះសម្រាប់អ្នក ដែលចូលចិត្ដទស្សនាសត្វព្រៃកម្រៗ អាចសាកល្បងទៅកម្សាន្ដ នៅសួនសត្វភ្នំតាម៉ៅម្ដងទៀតបាន ប្រាកដជាមិនខកចិត្ដនោះទេ។