(ប្រទេសស្វីស)៖ តាមរយៈការអញ្ជើញ របស់ក្រុមហ៊ុន Nestlé Switzerland, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុង Vevey ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញ របស់ក្រុមហ៊ុនក្នុងការ ធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួន លើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ព្រមទាំងដើម្បីស្វែងរក ឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូន លោក Remy Ejel, AOA CEO, Chris Hogg, VP Communication Manager និងលោកស្រី Michelle Alvarillo, Regional Manager និងសហការី អំពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ យុទ្ធនាការស្រោចវ៉ាក់សាំង ជូនប្រជាពលរដ្ឋទូទាំងប្រទេស រហូតសម្រេចបានប្រមាណ ៩៥% នៃប្រជា ពលរដ្ឋទាំងអស់ និងបានប្រកាស បើកប្រទេសសារជាថ្មី តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មកម៉្លេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយបានលើកឡើង ថា ថ្មីៗនេះប្រទេសកម្ពុជា សម្រេចបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់។
ជាពិសេសកម្ពុជា បានខិតខំប្រឹងប្រែងក្នុង ការងារកសាងបទដ្ឋានគតិយុទ្ធ និងធ្វើវិសោធនកម្មច្បាប់ សំខាន់ៗជាច្រើន ដើម្បីធានាបាននូវបរិយាកាស ធុរកិច្ច និងវិនិយោគ ប្រកបដោយសុចរិតភាព និងកាន់តែល្អប្រសើបន្ថែមទៀត ជាក់ស្ដែងដូចជា៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវា, ច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់, ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង, និងច្បាប់ស្តីសុវត្ថិភាពម្ហូប អាហារ ដែលច្បាប់ទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនទំនុកចិត្ត របស់អ្នកវិនិយោគ បន្ថែមទៀតនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសហការជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីរួមគ្នា ដោះស្រាយអំពីក្ដីព្រួយបារម្ភ របស់ប្រជាពលរដ្ឋ លើបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុ អាហាររូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផល ជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋាន ក.ប.ប. ពិនិត្យលទ្ធភាព ក្នុងការរៀបចំជាអនុស្សានៈ នៃការយោគយល់គ្នា (MOU) នាពេលខាងមុខផងដែរ។ ជាការឆ្លើយតប ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានសម្ដែងនូវ ការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណ ចំពោះវត្តមានរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចំពោះដំណើរទស្សនកិច្ច នៅក្រុមហ៊ុន Nestlé Switzerland នេះ ព្រមទាំងបានបង្ហាញពី ការប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និត ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត។ សូមជម្រាបផង ដែរថា ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញ ពីភាគីក្រុមហ៊ុនអំពី ការធ្វើប្រតិបត្តការ អាជីវកម្មរបស់ខ្លួន លើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ផងដែរ ហើយតាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយដែលមាន ការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំគួរឱ្យកត់សម្គាល់ ដែលក្រុមហ៊ុនមាន បំណងវិនិយោគបង្កើតរោងចក្រ នាពេលអនាគតដ៏ខ្លីខាងមុខ៕