កោះកុង៖ បើគិតមកដល់ថ្ងៃទី ១៨ វិច្ឆិកាឆ្នាំ២០២៤ នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពការងារបាន ៦៨,៣០% ហើយ។
បច្ចុប្បន្ននេះ ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាបាន វឌ្ឍនភាពតាមការគ្រោងទុក ដោយការងារអ៊ុត AC នឹងគ្រោងបញ្ចប់ នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះ។
តាមរបាយការណ៍ការងារ ពីក្រសួងសាធារណការ បានបង្ហាញនាពេលថ្មីៗនេះថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វ ជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៨,៣០%ហើយ។
ប្រភពដដែលបានលើកឡើងថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ទន្ទឹមនឹងដំណើរការការដ្ឋាន កំពុងមមាញឹកខ្លាំងនេះ ក្រសួងសាធារណការ ក៏សូមអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាក ក្នុងការធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទួល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន