ក្រុមបេសកម្ម JICA មានគម្រោងលើ ការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវ សម្រាប់ការអភិវឌ្ឍ វិស័យឧស្សាហកម្មនៅកម្ពុជា


រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុមបេសកម្ម JICA ជួបពិភាក្សាលើគម្រោង ការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការ សិក្សាស្រាវជ្រាវ សម្រាប់ការអភិវឌ្ឍ វិស័យឧស្សាហកម្មនៅកម្ពុជា តាមបែបការអប់រំផ្អែកលើមន្ទីរពិសោធន៍ ។ គួរបញ្ជាក់ឲ្យដឹងថា ការអប់រំផ្អែកលើ មន្ទីរពិសោធន៍នេះគឺជា ការអប់រំដែលអនុវត្ត នៅក្នុងក្រុមស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព នៃការអប់រំនៅក្នុងលក្ខខណ្ឌ ដោះស្រាយបញ្ហា និងជំនាញជាក់ស្តែង និងអនុវត្ត ជាទូទៅនៅក្នុងសាកលវិទ្យាល័យជប៉ុន សម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ និងថ្នាក់បណ្ឌិត។

គម្រោងនេះធ្វើឡើង ក្នុងគោលបំណងឱ្យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បង្កើនសមត្ថភាពអប់រំ និង ស្រាវជ្រាវរបស់ខ្លួន ដើម្បីចូលជាស្ថាប័នធនធានជាតិ ក្នុងវិស័យវិស្វកម្ម ដោយដាក់បញ្ចូលនូវការអប់រំផ្អែក លើមន្ទីរពិសោធន៍ទៅក្នុងកម្មវិធីសិក្សា។ បន្ថែមពីនេះគោលបំណងរួម របស់គម្រោងនេះផងដែរ គឺកំណត់ សាកលវិទ្យាល័យគោលដៅ ដើម្បីលើកកម្ពស់សមត្ថភាពអប់រំ និងការស្រាវជ្រាវឱ្យឆ្លើយតបទៅនឹង តម្រូវការវិស័យឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអប់រំផ្អែកលើមន្ទីរពិសោធន៍ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបាន បន្ថែមថា ការសិក្សាស្រាវជ្រាវ គឺជាវិធីមួយដែលអាចធ្វើឱ្យសិស្ស បានរកឃើញភាពច្នៃប្រឌិត និងនាំយកវា មកប្រើប្រាស់ក្នុងគោលដៅផ្សេងៗ និងជំរុញឱ្យទទួលស្គាល់ ការស្រាវជ្រាវជាវិជ្ជាជីវៈមួយ និងសហការ ជាមួយដៃគូពាក់ព័ន្ធក្នុងការ បណ្ដុះបណ្ដាលជំនាញ ស្រាវជ្រាវដល់សិស្ស និស្សិត និងគ្រូបង្រៀននៅតាម ខេត្ត៕