កាលពីពេលថ្មីៗនេះ នៅទំព័រហេ្វកប៊ុសផ្លូវការរបស់ វិទ្យាស្ថានស្លឹករឹតកម្ពុជា ទើបតែបានបង្ហោះរូបភាព នៃការរចនារបស់ អគារវិទ្យាស្ថានស្លឹករឹតជាផ្លូវការ ដែលត្រូវបានរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីឈ្មោះ Zaha Hadid តែម្ដង។ វិទ្យាស្ថានស្លឹករឹត គឺជាស្ថាប័នថ្មីមួយ និងជាកន្លែងរក្សាទុក កំណត់ត្រាប្រវត្ដិសាស្រ្ដអំពី របបប្រល័យពូជសាសន៍ នៅក្នុងប្រទេសកម្ពុជា។ អគារនៃវិទ្យាស្ថានស្លឹករឹត កម្ពុជានេះ ត្រូវបានរួមបញ្ចូលទីតាំងសំខាន់ៗ ចំនួន 6 មានដូចជា សារមន្ទីរ បន្ទប់សិក្សាស្រាវជា្រវ សាលារៀន បណ្ណាល័យ សាលសិល្បៈសហសម័យ និងទីធ្លាទេសភាពដ៏ស្រស់ស្អាត។
ចំណែកឯរចនាបថ នៃអគារវិទ្យាស្ថានស្លឹករឹតនេះវិញ ត្រូវបានរចនាឡើងជាប៉មចំនួនប្រាំ ដែលត្រូវបានបំផុសគំនិត និងយកលំនាំតាម ស្ថាបត្យកម្មអង្គរបុរាណ។ ប៉មទាំងប្រាំនោះ គឺជារចនាសម្ព័ន្ធតភ្ជាប់គ្នា ទាំងមូលតែម្ដង ដើម្បីងាយស្រួល ឆ្លងកាត់ពីនាយកដ្ឋានមួយ ទៅនាយកដ្ឋានមួយទៀត ផ្សេងៗគ្នា។ វិទ្យាស្ថាននេះ មានទំហំសរុប 2,400 ម៉ែត្រការ៉េ និង 3,344 ម៉ែត្រការ៉េ ជាមួយនឹងកម្ពស់មានចាប់ពី 3 ទៅ 8 ជាន់។
ដោយឡែកយើងមកដឹង ព័ត៌មានលម្អិតអំពីទីតាំងសំខាន់ៗ ទាំងប្រាំមួយ របស់វិទ្យាស្ថានស្លឹករឹត នេះវិញម្ដង។
-សារមន្ទីរ៖ គឺជាទីតាំងដែលមានការរៀបចំ កន្លែងសម្រាប់ការតាំងពិព័ណ៌ បង្ហាញអំពីវត្ថុបុរាណ ឯកសារ និងស្នាដៃសិល្បៈខ្មែរ រាប់ចាប់តាំងពីសម័យអង្គរ សម័យខ្មែរក្រហម រហូតដល់ស្នាដៃសិល្បៈ សហសម័យតែម្ដង។ ក្រៅពីនេះ ក្នុងសារមន្ទីរនេះ ក៏មានដាក់បង្ហាញឯកសារ អំពីរបបប្រល័យពូជសាសន៍ និងសិល្បៈសហសម័យផ្សេងៗទៀត មកពីជុំវិញពិភពលោកផងដែរ។
-កន្លែងសិក្សាស្រាវជ្រាវ៖ ទីតាំងនេះត្រូវបានសាងសង់ឡើង ជាបន្ទប់បណ្ណសារយ៉ាងទូលំទូលាយ ដែលមានតម្កល់ឯកសារដើម របស់ខ្មែរក្រហមជាច្រើន ដែលស្ថិតនៅចំកណ្តាលនៃអគារ។ អ្នកស្រាវជ្រាវ និងបុគ្គលិកវិទ្យាស្ថាន អាចដើរឆ្លងកាត់កន្លែងនេះ ជារៀងរាល់ថ្ងៃ ដើម្បីជាការរំលឹក និងរៀនសូត្រអំពី អតីតកាលរបស់ខ្មែរ។
-សាលារៀន៖ ក្នុងចំណោមអគារទាំងប្រាំ ក្នុងនោះក៏មានថ្នាក់រៀនមួយផងដែរ ដែលជាកន្លែងសម្រាប់ ការសិក្សារៀនសូត្រ យ៉ាងទូលំទូលាយ ជាមួយនឹងទីតាំងមានបរិយាកាស ពោលពេញដោយ ការជំរុញទឹកចិត្ដ និងគំនិត។
-បណ្ណាល័យ៖ គឺជាកន្លែងប្រមូលផ្តុំ នៃសម្ភារៈដែលទាក់ទងនឹង អំពើប្រល័យពូជសាសន៍ នៅអាស៊ីអាគ្នេយ៍ដ៏ធំបំផុត ដែលជាធនធានចំណេះដឹង ដែលមិនអាចកាត់ថ្លៃបាន។
-សាលសិល្សៈសហសម័យ៖ គឺជាសាលប្រជុំ ដែលមានការរៀបចំ ការបង្រៀនអំពី តន្ត្រី របាំ និងការសម្តែងផ្សេងៗ អំពីរបបប្រល័យពូជសាសន៍ និងភាពជាអ្នកដឹកនាំ ព្រមទាំងសិល្បករខ្មែរ សហសម័យផងដែរ។ ការរចនានៃសាលនេះ អាចអនុញ្ញាតឱ្យ រៀបចំព្រឹត្តិការណ៍បានទាំងក្នុង និងក្រៅផងដែរ។
-ទីធ្លាទេសភាព៖ គឺជាឧទ្យានអនុស្សាវរីយ៍ ដែលរចនាឡើងដោយ ការបំផុសគំនិតពីទេសភាពបែបប្រពៃណីខ្មែរ ទាំងធម្មជាតិ និងការរៀបចំដោយមនុស្ស។