ភាពអស្ចារ្យនៃប្រាសាទព្រះខ័ន ដែលជាអតីតទីក្រុងជ័យស្រី នៃរាជធានីអង្គរ


ប្រាសាទព្រះខ័ន គឺជាប្រាសាទមួយដែលពោពេញ ទៅដោយដើមឈើធំៗ ដែលផ្ដល់ជាម្លប់ ដល់ភ្ញៀវទេសចរដែល ទៅកម្សាន្តនៅប្រាសាទមួយនេះ។ មិនត្រឹមតែជាប្រាសាទទេសចរណ៍ ដែលពោពេញទៅដោយ ធម្មជាតិ និងទេសភាពគួរឲ្យចង់គយគន់នោះទេ, នៅតាមផ្ទាំងជញ្ជាំងនីមួយៗ របស់ប្រាសាទព្រះខ័ន ក៏សុទ្ធតែ ជាក្បាច់រចនាសិល្បៈ យ៉ាងស្រស់ស្អាតទៀតផង។ ច្រកចូលសំខាន់របស់ ប្រាសាទនេះស្ថិតនៅទិសខាងកើត ប៉ុន្តែភ្ញៀវទេសចរ អាចចេញចូលពីទិសខាងលិច ឬទិសខាងជើងក៏បានដែរ។

ប្រាសាទព្រះខ័ន មានទំហំ ៥៦ ហិចតា ដោយមានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ម៉ែត្រ x ៧០០ម៉ែត្រ ដែលបានសង់ឡើងនៅសតវត្សរ៍ទី ១២ (ក្នុងឆ្នាំ១១៩១) រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧  តែពុំបានសង់រួចនៅ ក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់ នៅគ្រិស្តសតវត្សទី ១២ – ១៣។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់ នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័ន ទី៧ បានផ្តួលរំលំពួកចាម។ ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅ ដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាល ជាកន្លែងព្រះពុទ្ធសាសនាឯភាគខាងជើង និងខាងលិច សម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។

ធម្មមន្ទីរមាននៅមុខគោបុរៈទី២ខាងកើត នៃប្រាសាទព្រះខ័ន។ នៅទីនេះមានតម្កល់រូបចម្លាក់ ព្រះពោធិសត្វប្រាជ្ញាបារមិតាលុតជង្គង់ (បច្ចុប្បន្នរក្សាទុក នៅសារមន្ទីរជាតិភ្នំពេញ) ដែលតាមលោកស្រី S. Karpelès បាននិយាយថា វាប្រហែលជារូបតំណាងឲ្យ ព្រះនាងជ័យរាជទេវី មហេសីទី១ របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាង សាកលវិទ្យាល័យមួយនៅទីនេះ និងបានសោយទីវង្គតទាំងវ័យក្មេង ដោយសារការព្រួយចិត្ត ការនឹកស្វាមីដែលចេញទៅធ្វើសឹក និងដោយសារការគោរពបូជា ព្រះធម៌យ៉ាងតឹងរ៉ឹង ដើម្បីបន់ស្រន់ឲ្យស្វាមីបានទទួលជ័យជំនះ៕