សៀមរាប៖ រដ្ឋាភិបាលឥណ្ឌា តំណាងឱ្យរដ្ឋមន្ត្រីការបរទេស បានប្រកាសថា នឹងជម្រុញឱ្យមានជើងហោះហើរត្រង់ មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើន ក្នុងគោលបំណង បង្កើននូវទំនាក់ទំនងរវាងរដ្ឋទាំង ២ ឱ្យកាន់តែប្រសើរ និងដើម្បីជាប្រយោជន៍ នៃវិស័យទេសចរណ៍ នាពេលខាងមុខតទៅ។
លោក S. Jaishankar រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា បានប្រកាស និងសន្យាថា នឹងជម្រុញឱ្យមាន ជើងហោះហើរត្រង់ ពីប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជា នាពេលខាងមុខ។ ការសន្យានេះធ្វើឡើងក្នុងឱកាស ឯកឧត្ដមមកធ្វើទស្សនកិច្ច នៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងដំណើរមកចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃ៥ ខែសីហា ឆ្នាំ២០២២ នេះ។
ស្ថិតក្នុងដំណើរទស្សនាកិច្ចនោះ លោក S. Jaishankar បានអមដំណើរដោយ លោកជំទាវ ទេវ្យានី ខូប្រាហ្កាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងការទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម សារមន្ទីរវាយនភណ្ឌ ប្រពៃណីគង្គា (Ganga Agent Traditional Textile) ដែលជាជំនួយ របស់សាធារណរដ្ឋឥណ្ឌា សាងសង់នៅឆ្នាំ២០១០ និងបានចូលរួម ក្នុងពិធីជប់លៀង និងទស្សនាការសម្តែងសិល្បៈ នៅប្រាសាទក្រវាន់ នៅពេលរាត្រីផងដែរ។
លោករដ្ឋមន្ត្រីការបរទេសឥណ្ឌា បន្ទាប់ពីបានទស្សនា និងស្វែងយល់អំពីស្នាដៃគ្មានពីរ លើលោករបស់កម្ពុជារួច លោកបានសម្ដែង នូវការកោតសរសើរយ៉ាងខ្លាំង ចំពោះកេរ្តិ៍មរតក បុព្វបុរសខ្មែរសម័យមុន ដែលបានបន្សល់ទុក ឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកឱ្យបានដឹង និងស្វែងយល់អំពី យុគសម័យដ៏រុងរឿងនៃទីក្រុងអង្គរ។ តាមរយៈការកោតសរសើរនោះ លោកបានសន្យាថា នឹងរៀបចំជាពិសេស ក្នុងការជម្រុញឱ្យពលរដ្ឋឥណ្ឌា ចូលមកទស្សនានូវស្នាដៃបុរាណ នៃបុព្វបុរសខ្មែរដ៏អស្ចារ្យ នៅកម្ពុជាឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២២ បន្ទាប់ពីបើកប្រទេសឡើងវិញ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤% បើធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ៧.៦៨៧នាក់ ជាភ្ញៀវទេសចរឥណ្ឌា។ តាមរយៈការកើនឡើងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ឥណ្ឌាគឺជាទីផ្សារ ដ៏មានសក្ដានុពល សម្រាប់ទេសចរណ៍នៅកម្ពុជា នាឆ្នាំខាងមុខ ហើយកម្ពុជាបានត្រៀមខ្លួន រួចជាស្រេច ក្នុងការស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ គ្រប់តំបន់ និងគ្រប់ទិសទី៕