ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចលទ្ធផលបានជាង ៩៦% ហើយ និងត្រៀមដាក់ប្រើប្រាស់សាកល្បង ក្នុងពេលឆាប់ៗ


ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន (CRBC) បានជួបពិភាក្សាការងារ បញ្ចប់គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីត្រៀមដាក់ដំណើរការសាកល្បង នៅក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ខណៈដែលគម្រោងទាំងមូល សម្រេចការងារបាន ៩៦,៦% មកហើយ នឹងក្លាយទៅជា ផ្លូវល្បឿនលឿនដំបូងគេ នៅកម្ពុជា សម្ពោធជាផ្លូវការ នៅដើមឆ្នាំ២០២៣។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧ គីឡូម៉ែត្រ គិតចាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតទៅដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺជាគម្រោងផ្លូវរបៀង យុទ្ធសាស្ត្រសំខាន់បំផុត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការដឹកជញ្ជូនទំនិញ រវាងរាជធានីភ្នំពេញ តំបន់ឧស្សាហកម្ម ខេត្តកណ្ដាល និងកំពង់ស្ពឺ ភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ នឹងកាត់បន្ថយ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ៤ និងចំនេញពេលវេលា ធ្វើដំណើរផងដែរ។

គិតមកទល់ពេលនេះ គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការងារប្រមាណ ៩៦,៦% មកហើយ ដោយក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន (CRBC) សម្រេចការងារសាងសង់ ផ្លូវជិតរួចរាល់ ១០០% ប៉ុន្តែនៅសេសសល់ ការងារបញ្ជោបង់ប្រាក់ ចំណតសម្រាក យានដ្ឋាន ការបំពាក់បង្គោលភ្លើងបំភ្លឺ ដំណោះស្រាយសាងសង់ បង្គោលអង់តែនទូរសព្ទ ងាយស្រួលទាក់ទង ពេលមានអាសន្ន និងសញ្ញាចរាចរណ៍ មួយចំនួនទៀត។

យ៉ាងណាមិញ ក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុននឹងខិតខំ រកដោះស្រាយ ដើម្បីគម្រោងការសាងសង់ ផ្លូវល្បឿនលឿន អាចសម្រេចក្នុងពេលឆាប់ៗ ដែលអាចបើកប្រើប្រាស់ សាកល្បងនៅខែតុលា ឆ្នាំ២០២២ ហើយនឹងជួយកាត់បន្ថយ រយៈពេលធ្វើដំណើរភ្នំពេញ-ព្រះសីហនុ មកត្រឹម ២ ម៉ោងប៉ុណ្ណោះ បើធៀបទៅនឹង ការធ្វើដំណើរតាម ផ្លូវជាតិលេខ៤ អាចចំណាយពេល រហូតដល់ ៥ ម៉ោង។