ក្រុមហ៊ុនចំនួន ៨ បានវិនិយោគបង្កើតរោងចក្រថ្មីៗនៅកម្ពុជា មានតម្លៃសរុបជាង ៦០ លានដុល្លារ


ក្រុមហ៊ុនចំនួន ៨ ទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវិនិយោគ បង្កើតរោងចក្រចំនួន ៥ កន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ២ កន្លែង ក្នុងខេត្តកំពង់ស្ពឺ, និង ១ កន្លែងនៅរាជធានីភ្នំពេញ រួមមានរោងចក្រតម្លើងរថយន្ដ រោងចក្រផលិតផលលោហៈ រោងចក្រផលិតគ្រឿង Network និងរោងចក្រកាត់ដេរផងដែរ សរុបជាទឹកប្រាក់ ៦០,៩ លានដុល្លារ និងអាចបង្កើតការងារ បានជាង ៧ ពាន់កន្លែង។

១. ក្រុមហ៊ុន Toyata Tsusho Manufacturing (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ដតូយ៉ូតា មានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ មានទុនវិនិយោគ ៣៦,៧ លានដុល្លារ និងអាចបង្កើតការងារបាន ១៥០ កន្លែង។

២. ក្រុមហ៊ុន WCFO (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ ជាមួយទុនវិនិយោគ ៣,៨ លានដុល្លារ និងអាចបង្កើតការងារ ១៥០ កន្លែង។

៣. ក្រុមហ៊ុន Thirty Three Apparels (Cambodia) Co., Ltd គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ ជាមួយទុនវិនិយោគ ២,១ លានដុល្លារ និងអាចបង្កើតការងារ ៤៥០ កន្លែង។

៤. ក្រុមហ៊ុន A & M Clothing Co., Ltd គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ជាមួយទុនវិនិយោគសរុប ១ លានដុល្លារ និងអាចបង្កើតការងារ បានប្រមាណ ១០០ កន្លែង។

៥. ក្រុមហ៊ុន WCFO ASAMA Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍ បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ ជាមួយទុនវិនិយោគ ៨០៥ ពាន់ដុល្លារ និងអាចបង្កើតការងារ បានប្រមាណ ១០០ កន្លែង។

៦. ក្រុមហ៊ុន China Ting (Cambodia) Fashion Co,. Ltd គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,៦ លានដុល្លារ និងអាចបង្កើតការងារ ៣.១៥៨ កន្លែង។

៧. ក្រុមហ៊ុន Y.T.I (Cambodia) Garment Co., Ltd គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៨៣កន្លែង។

៨. SKY CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៤៧កន្លែង។