ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងរៀបចំ គម្រោងជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត ដើម្បីជួយឧស្សាហកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននឹងកំពុងសិក្សាស្រាវជ្រាវ រៀបចំគម្រោងថ្មី ឈ្មោះថា “គម្រោងជំនាញ សម្រាប់សេដ្ឋកិច្ច នាពេលអនាគត (Skills for Future Economy)” មានគោលបំណងចម្បង គឺធ្វើឱ្យឧស្សាហកម្មនៅកម្ពុជា ប្រសើរឡើង។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គួរបញ្ជាក់ថា ការថ្លែងពីសំណាក់លោក អ៊ិត សំហេង បែបនេះ ធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេស នៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ដែលក្នុងជំនួបនេះ បានពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នាទីស្តីការក្រសួងការងារ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានឱ្យដឹងថាៈ តាំងពីកម្ពុជា មានសន្តិភាពពេញលេញ ADB បានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងភាពជាដៃគូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យមានវឌ្ឍនភាព ប្រកបដោយផ្លែផ្កា។ លោករដ្ឋមន្ត្រី ក៏បានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះពលកម្មជំនាញ របស់កម្ពុជា ដើម្បីផ្គត់ផ្គង់ទៅដល់ ទីផ្សារការងារ។ យុវជន និងសហគមន៍ មិនទាន់បាន ផ្តល់តម្លៃទៅលើជំនាញ TVET នេះ ឲ្យបានច្រើននៅឡើយ ភាគច្រើនអ្នកដែលបាន ចូលរៀនជំនាញ TVET ជាក្រុមជនរងគ្រោះ អ្នកបោះបង់ការសិក្សា និងអ្នកដែលធ្វើការហើយ ត្រូវការបណ្តុះបណ្តាលបន្ត។ ដើម្បីធ្វើកិច្ចការទាំងនេះ ឲ្យមានលទ្ធផលល្អ រដ្ឋាភិបាលកម្ពុជា ត្រូវការចូលរួមពី ADB ដែលមានជំនាញ និងបទពិសោធន៍ ក្នុងការជួយលើកិច្ចការទាំងនេះ បន្ថែមទៀត។

លោករដ្ឋមន្ត្រី បានស្នើដល់ភាគី ADB បន្តជួយជាជំនួយបច្ចេកទេស ផ្នែកវិស័យការងារ និងកិច្ចសហប្រតិបត្តិការ បន្តទៀត លើវិស័យ TVET ដែលជាមុំមួយ នៅក្នុងយុទ្ធសាស្ត្រ ចតុកោណ ផ្តោតលើការ អភិវឌ្ឍធនធានមនុស្សនេះ។ នាឱកាសនោះ លោកស្រី Jyotsana Varma បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាល កូវីដ-១៩ ទាំង ADB និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការច្រើនណាស់ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ធ្វើយាងណាឲ្យយុវជន ទទួលបានការបណ្តុះបណ្តាល ទាំងចំណេះដឹង ជំនាញ កសាងអនាគតរបស់ពួកគេ ឲ្យភ្លឺស្វាង។ យុវជនកម្ពូជា ចាំបាច់ត្រូវមានការអភិវឌ្ឍ ចំណេះដឹងរបស់ខ្លួន ដើម្បីដើរឲ្យទាន់នូវ ការរីកចម្រើននៃ បច្ចេកវិទ្យាដ៏ឆាប់រហ័ស។

ពាក់ព័ន្ធនឹងក្តីកង្វល់របស់ លោករដ្ឋមន្ត្រី ទៅលើកង្វះខាត កម្លាំងពលកម្មជំនាញ លោកស្រី Jyotsana Varma បានបញ្ជាក់ថាៈ កម្ពុជាត្រូវផ្តោតលើ វិស័យអាទិភាពមួយចំនួន ឲ្យក្លាយជាវិស័យនាំមុខ ដោយការបង្កើត មជ្ឈមណ្ឌលនវានុវត្តន៍ជាដើម ដោយមានការទទួលស្គាល់ ជំនាញពីគ្នាទៅវិញទៅមក។ ចំណែក ការជំរុញឲ្យមាន ការចុះឈ្មោះ ចូលរៀនជំនាញTVET លោកស្រី ចង់ឲ្យកម្ពុជា បង្កើតជាទូតសុឆន្ទៈគម្រូ ឲ្យបានច្រើន ដើម្បីពន្យល់ពីភាពជោគជ័យ បន្ទាប់ពីបានរៀនជំនាញ TVET នេះ ទៅកាន់យុវជន និងសហគមន៍ ឲ្យបានយល់ដឹង កាន់តែទូលំទូលាយ។

គួររំលឹកថា ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏ល្អមួយ ក្នុងរយៈពេលបីទសវត្សរ៍ កន្លងមកនេះ ដោយបានគាំទ្រវិស័យ TVET តាំងពីឆ្នាំ១៩៩៦ ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន លើគម្រោង Basic Skills Project និងបន្តគាំទ្រវិស័យ TVET តាមរយៈ កម្មវិធីអភិវឌ្ឍន៍ វិស័យអប់រំទី១ និងទី២, គម្រោងពង្រឹងវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (STVET), គម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ដែលនឹងចប់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២២ និងគម្រោងជំនាញ សម្រាប់ការប្រកួតប្រជែង (Skills for Competitiveness) ដែលកំពុងអនុវត្ត ហើយនឹងត្រូវបញ្ចប់ នៅខែមេសា ឆ្នាំ២០២៥៕