តំបន់ភ្នំថ្មកំបោរមួយចំនួន ក្នុងខេត្តបាត់ដំបង ជាទីតាំងស្ថានីយផូស៊ីលសត្វសមុទ្រ មានអាយុកាលរាប់លានឆ្នាំ


តំបន់ភ្នំ១៥០ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនៅជាប់ពីអាងកំពីងពួយ។ តំបន់ភ្នំនេះមាន ភ្នំមួយចំនួននៅផ្តុំគ្នា ដូចជាភ្នំកំពីងពួយ (ភ្នំព្រះ) ភ្នំកែវ និងភ្នំ១៥០ ដែលជាតំបន់ភ្នំថ្មកំបោរ មានប្រវែងប្រមាណ ១០គីឡូម៉ែត្រ។ អំឡុងខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាផូស៊ីលបឋម នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាច្រើនទីតាំង។

ក្នុងនោះក្រុមអ្នកជំនាញ បានកំណត់ទីតាំង ស្ថានីយផូស៊ីលសត្វសមុទ្រ នៅតំបន់ភ្នំ ១៥០ នៅខេត្តបាត់ដំបង។ នៅទីតាំងកាយយកអាចម៍ដីនេះ ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញផូស៊ីលខ្យង ផូស៊ីលផ្កាថ្មសំបុកឃ្មុំ (រូបលេខ៥) នៅរាយប៉ាយ។ ចំណែកនៅទីតាំងមួយទៀត នៅវត្តភ្នំព្រះ ផូស៊ីលផ្កាថ្មសំបុកឃ្មុំ ដែលមានទំហំប្រមាណ ៥០ស.ម។ តាមរយៈផែនទីភូគព្ភសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បង្ហាញថាតំបន់ភ្នំមួយចំនួន ក្នុងខេត្តបាត់ដំបង គឺជាតំបន់ភ្នំមានថ្មកំបោរ ដែលមានអាយុកាល ស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic៕