ស្ថានីយផូស៊ីលភ្នំកងវ៉ា ពោពេញដោយផូស៊ីលសត្វសមុទ្រ ជាច្រើនប្រភេទ ដែលបានផុតពូជ


ស្ថានីយផូស៊ីលភ្នំកងវ៉ា (Phnom Kong Va Fossil Site) ជាស្ថានីយផូស៊ីល ពពួកសត្វសមុទ្រ ដែលក្រុមការងារអ្នកជំនាញ បានទៅដល់កាលពីឆ្នាំ ២០១៨។ ភ្នំនេះស្ថិតនៅក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 277482-1508050)។ ភ្នំនេះមានព្រះវិហារ នៅខាងលើ និងរូងភ្នំមួយចំនួន។ រូងភ្នំមួយស្ថិតនៅខាងលិច ឆៀងខាងត្បូង ព្រះវិហារមានប្រាសាទភ្នំកងវ៉ា នៅក្រៅ និងក្នុងរូងភ្នំដែល កសាងរវាងស.វទី ១០-១១គ.ស។

ភ្នំកងវ៉ជា ប្រភេទភ្នំថ្មកំបោរមានលាយដី ដែលចាក់បង្គរជាស្រទាប់ៗ។ យោងតាមផែនទីភូគព្ភសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS មានអាយុកាល (២៩៨,៩-២៥១,៩លាន ឆ្នាំ) ក្នុងសម័យកាល Permian (ភ័រមៀន) ដែលស្ថិតនៅក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក)១៣។ ថ្មកំបោរ បានចាក់បង្គរជាស្រទាប់ៗ ភ្នំនេះមានកម្ពស់៧០ម៉ែត ធៀបនឹងនីវ៉ូទឹកសមុទ្រ។ មានស្លាកស្នាមដោល ឡើងនៃស្រទាប់ផែនដី ដែលមានមុំ ចន្លោះ១៥ ទៅ២០°នៅផ្នែកខាងកើតភ្នំ ជាផ្នែកដែលដោលឡើង។

អ្នកជំនាញបានរកឃើញ ផូស៊ីលពពួកផ្កាថ្ម (Corals) ជាច្រើនប្រភេទពពួក Crinoids (គ្រីណូអ៊ីត) តិចតួច ពពួក Ammonites (អាម៉ូណាយ) ពពួកខ្យង (Gastropods) ពពួក Brachiopods (ប្រាក្យូផត) ពពួក Bryozoan (ប្រាអូស្យូន) និងប្រភេទសត្វសមុទ្រ ផ្សេងៗទៀត៕