ផ្សារទំនើប AEON 3 នឹងបើកសាកល្បង (Soft Opening) នៅពាក់កណ្ដាលខែក្រោយ!


ផ្សារទំនើប AEON Mall 3 ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លក់រាយទំនិញចម្រុះ ធំជាងគេបំផុតនៅរាជធានីភ្នំពេញ ត្រូវបានសាងសង់ នៅលើមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) នឹងត្រូវចាប់ផ្ដើមបើកដំណើការសាកល្បង (Soft Opening) នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រោយពីភាពជោគជ័យលើ ការវិនិយោគផ្សារទំនើប AEON Mall ចំការមន និង AEON Mall សែនសុខ ក្រុមហ៊ុនជប៉ុន AEON Co., Ltd បានចាប់ផ្ដើម វិនិយោគសាខាទី៣ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយផ្សារទំនើប AEON Mall 3 ត្រូវបានបើកការដ្ឋាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វិនិយោគលើផ្ទៃដីរហូតដល់ ១៧ ហិកតា ជាផ្សារទំនើប AEON ធំជាងគេបង្អស់នៅកម្ពុជា និងចំណាយទឹកប្រាក់ប្រមាណ ២៩០ លានដុល្លារ។

ក្រុមហ៊ុនលក់រាយ និងម្ចាស់អាជីវកម្មកុងត្រា ជាមួយផ្សារទំនើប AEON Mall 3 សាខាចាក់អង្រែ បានរៀបចំផលិតផលរបស់ខ្លួន សម្រាប់ការបើកអាជីវកម្ម នៅខែក្រោយនេះ ខណៈដែលក្រុមហ៊ុន AEON នឹងត្រៀមបើកដំណើរការសាកល្បង (Soft Opening) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន AEON Co., Ltd បានវិនិយោគផ្សារទំនើបចំនួន ៣ ទីតាំងនៅរាជធានីភ្នំពេញ ដោយសាខាទី១ AEON Mall ចំការមន មានទំហំ ៦,៨ ហិកតា ចំណាយការសាងសង់ ២០៥ លានដុល្លារ និងបើកដំណើរការ នៅឆ្នាំ២០១៤ ចំណែកផ្សារទំនើប AEON Mall Sen Sok មានទំហំជាង ១៥ ហិកតាចំណាយការសាងសង់ ១២០ លានដុល្លារ បើកដំណើរការនៅឆ្នាំ ២០១៩ ចុងក្រោយគឺផ្សារទំនើប AEON Mall 3 មានទំហំជាង ១៧ ហិកតា ចំណាយការសាងសង់ប្រមាណ ២៩០ លានដុល្លារ ត្រៀមសម្ពោធជាផ្លូវការ នៅឆ្នាំ ២០២៣។