ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារ បានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្តគាំទ្រការ ងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់ សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹង តម្រូវការសេដ្ឋកិច្ច។ របាយការណ៍វឌ្ឍនភាព ម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ ២០២៣ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

របាយការណ៍នេះ បានលើកឡើងថា បទប្បញ្ញត្តិប្រុងប្រយ័ត្ន ដែលត្រូវបានបន្ធូរបន្ថយ នៅក្នុងពេលមានវិបត្តិ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងរក្សានិរន្តរភាពឥណទាន ទៅកាន់សេដ្ឋកិច្ច ត្រូវបានពង្រឹងជាលំដាប់មកវិញ ស្របតាមការងើបឡើង នៃសេដ្ឋកិច្ច ដែលជាផ្នែកមួយ នៃគោលនយោបាយ ចាកចេញពីវិបត្តិ ដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុ និងបង្កើនទ្រនាប់ គោលនយោបាយ សម្រាប់អនុវត្តក្នុងស្ថានភាពចំបាច់។ ប្រភពដដែលបានបន្តថា ឥណទានដែលបានផ្តល់ ដល់វិស័យឯកជន បានកើនឡើង ២១% ដើម្បីគាំទ្រ ដល់ការងើបឡើង ក្នុងវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើ អតិថិជនបានកើនឡើង ១១,៣%។


ប្រភពដដែលបានបន្តថា ការតភ្ជាប់ក្នុងតំបន់ ត្រូវបានពង្រីកជាលំដាប់ ជាមួយប្រទេសក្នុងតំបន់ ដែលសម្រួលដល់ អន្តរប្រតិបត្តិការរវាង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ បច្ចុប្បន្ននេះ កម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៨ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៦ ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន ២ ៦១៤ ព្រមទាំងម៉ាស៊ីនអេធីអឹម ស្វ័យប្រវត្តិចំនួន ៣ ៩៩៨ គ្រឿង នៅទូទាំងប្រទេស៕