វៀតណាម គ្រោងបង្កើតទីក្រុងវៃឆ្លាត ២ បន្ថែមទៀត នៅក្បែរទីក្រុងហាណូយបច្ចុប្បន្ន!


ហាណូយ៖ រដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការហើយថា នឹងគ្រោងបង្កើតទីក្រុងថ្មីៗចំនួន ២ ទៀត ដែលស្ថិតក្រោមចំណុះ ឱ្យទីក្រុងហាណូយបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹង ការអភិវឌ្ឍប្រទេសជាតិ កំណើនប្រជាជន ឆ្ពោះទៅកាន់ថ្ងៃអនាគត។

ប្រភពព័ត៌មានក្នុងស្រុក របស់វៀតណាម ចុះផ្សាយកាលពីថ្មីៗនេះបានឱ្យដឹងថា វៀតណាម គ្រោងនឹងបង្កើត ទីក្រុងថ្មីចំនួន ២ បន្ថែមទៀត ដែលស្ថិតនៅក្រោម ចំណុះនៃទីក្រុងហាណូយ ប្រទេសវៀតណាមបច្ចុប្បន្ន។ គម្រោងការបង្កើតទីក្រុងថ្មីចំនួន ២ នេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវៀតណាម ប្រចាំឆ្នាំកាលពីចុងឆ្នាំ ២០២២ កន្លងទៅ ដើម្បីដាក់ជូន រដ្ឋាភិបាលអនុម័ត។

យោងតាមការបញ្ជាក់របស់ លោក Dinh Tien Dung លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ បានបញ្ជាក់ឱ្យដឹងថា ការបង្កើតទីក្រុងថ្មីទាំង ២ នេះ នឹងធ្វើឡើងនៅភាគខាងជើង និងភាគខាងលិច នៃទីក្រុងហាណូយបច្ចុប្បន្ន។ ក្នុងនោះទីក្រុងស្ថិតនៅ ភាគខាងជើងនៅគិតបញ្ចូលសង្កាត់ Dong Anh Me Linh និងសង្កាត់ Soc Son ជាផ្នែកមួយនៅទីក្រុង និងសង្កាត់ Hua Lach- Xuan Mai សម្រាប់ទីក្រុងបង្កើតថ្មី នៅភាគខាងលិច។

លោកបន្ថែមទៀតថា ការបង្កើតទីក្រុងថ្មីទាំង ២ ខាងលើនេះ គឺជាការឆ្លើយតប ទៅនឹងការរីកចំរើន នៅក្នុងតំបន់នៃ ទីក្រុងហាណូយបច្ចុប្បន្ន និងទៅថ្ងៃអនាគត ពិសេសគឺការកើនឡើង នៃចំនួនប្រជាជនរស់នៅតាមទីក្រុង ក៏ដូចជាការថែរក្សាឱ្យបាន នូវស្ថេរភាពសេដ្ឋកិច្ច របស់ទីក្រុងផងដែរ។ ទន្ទឹមនឹងគម្រោងថ្មីនេះ រដ្ឋាភិបាលវៀតណាម ក៏នឹងបង្កើនល្បឿននៃការរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ឱ្យស្របទៅនឹងចក្ខុវិស័យ ទីក្រុងហាណូយសម្រាប់ឆ្នាំ២០២១ ឆ្ពោះទៅឆ្នាំ២០៣០ និងបន្តទៅឆ្នាំ២០៥០ ផងដែរ។

ទីក្រុងថ្មីទាំង ២ នេះ នឹងក្លាយជាទីក្រុងវៃឆ្លាត ដែលមានអគារខ្ពស់ៗ សេវាកម្មសាធារណៈទំនើប ធម្មជាតិបៃតង សួនច្បារ ផ្លូវធ្វើដំណើរតូចធំជាច្រើន របស់វៀតណាម ដោយនឹងចំនាយថវិកាសាងសង់ រាប់សិបពាន់លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងសាងសង់ទីក្រុងថ្មីទាំង ២ របស់វៀតណាម ពុំបានបញ្ជាក់អំពីឈ្មោះ ឬព័ត៌មានលម្អិតបន្ថែមនៅឡើយទេ តែគម្រោងទាំង២ នេះ អាចស្ថិតក្នុងគោលនយោបាយជាតិ របស់ទីក្រុងហាណូយ ឆ្ពោះទៅកាន់ឆ្នាំ២០៣០ ខាងមុខ៕