យោងតាមប្រភពផ្លូវការមួយ បានឱ្យដឹងថា ប្រទេសថៃគ្រោងនឹង ចាប់ផ្តើមសាងសង់ គម្រោងទីក្រុងអាកាសចរណ៍ ដែលមានតម្លៃ 290 ពាន់លានបាត (8.8 ពាន់លានដុល្លារ) និងមានទីតាំងនៅ ភាគខាងកើត តំបន់ឧស្សាហកម្មរបស់ខ្លួន នៅដើមឆ្នាំនេះ។

ផែនការវិនិយោគនេះគ្រោងនឹង ប្រែក្លាយអាកាសយានដ្ឋាន U-Tapao ទៅជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយ ដែលតភ្ជាប់ជាមួយ ស្ថានីយអាកាសយានដ្ឋាន Don Muang និងអាកាសយានដ្ឋានសុវណ្ណភូមិ ដ៏សំខាន់របស់ប្រទេស។

គម្រោងសាធារណៈ និងឯកជន ដែលមានឈ្មោះថា "ទីក្រុងអាកាសចរណ៍ ភាគខាងកើត" នឹងគ្របដណ្តប់លើផ្ទៃដី 1,040 ហិកតា និងមានគោលបំណង ទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យកាន់តែច្រើន។ វាក៏នឹងរួមបញ្ចូលផងដែរ នូវតំបន់ពាណិជ្ជកម្មសេរី សម្រាប់ដឹកទំនិញ មជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរណ៍ និងការថែទាំយន្តហោះ ការជួសជុល និងច្នៃឡើងវិញ។


លោក Tipanan Sirichana អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា គម្រោងនេះនឹងបង្កើត ការងារបន្ថែមចំនួន 15,600 កន្លែង ក្នុងរយៈពេលប្រាំឆ្នាំដំបូង និងជំរុញកំណើន នៅក្នុងឧស្សាហកម្មអាកាសចរណ៍ របស់ប្រទេសថៃផងដែរ។