ទីក្រុងរណប ត្រូវបានគេហៅឈ្មោះនេះពីមាត់មួយទៅមាត់មួយ នៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានា ជាពិសេសគឺនៅក្នុងគម្រោងពុះដីឡូតិ៍លក់តែម្ដង សម្រាប់ចង្អុលបង្ហាញថា តំបន់មួយនោះគឺជាតំបន់តែមានសក្ដានុពលខ្ពស់ និងមានការអភិវឌ្ឍន៍ច្រើននៅថ្ងៃខាងមុខ ហើយតម្លៃដីក៏លក់បានថ្លៃផងដែរ។ ជាការពិត ទីក្រុងរណប គឺជាតំបន់ដែលអភិវឌ្ឍន៍ខ្លាំងបំផុតបន្ទាប់ពីទីក្រុងគោល ហើយក៏នៅមិនឆ្ងាយពីទីក្រុងគោលប៉ុន្មានដែរ និងជាតំបន់អភិវឌ្ឍន៍ទៅលើគម្រោងធំៗបន្ទាប់ពីទីក្រុងគោល ដូចនេះប្រសិនបើនិយាយឲ្យខ្លី ទីក្រុងរណបគឺជាតំបន់មួយអភិវឌ្ឍន៍ក្លាយទៅជាទីក្រុងថ្មីមួយ អាចរស់នៅ ធ្វើការ និងកម្សាន្ដបានយ៉ាងសម្បូរបែប ដោយមិនពឹងផ្អែកលើទីក្រុងគោលក៏បានដែរ។
ទីក្រុងរណប ប្រសិនបើយើងហៅតាមភាសាអង់គ្លេសគឺ Satellite City ឬ Satellite Town គឺជាតំបន់អភិវឌ្ឍន៍ស្នូលរបស់ទីក្រុងមួយ។ ឧទាហរណ៍ជាក់ស្ដែង តំបន់ជ្រោយចង្វារគឺជាគម្រោងទីក្រុងរណប ដែលត្រៀមអភិវឌ្ឍន៍ និងទទួលការវិនិយោគច្រើន ហើយស្ថិតនៅក្នុងទីក្រុងភ្នំពេញ ដែលភ្នំពេញគឺជាទីក្រុងគោល ចំណែកឯជ្រោយចង្វាជាទីក្រុងរណប។ នៅក្នុងទីក្រុងភ្នំពេញយើង មានទីក្រុងរណបជាច្រើនកន្លែងទៀត ដូចនេះទើបការអភិវឌ្ឍន៍កំពុងពង្រាយទៅកាន់តំបន់ផ្សេងៗជាច្រើន។
ចុះទីក្រុងរណប មានលក្ខណៈសម្បត្តិយ៉ាងណាវិញ?
ដូចបានលើកឡើងខាងដើមរួចហើយថា ទីក្រុងរណបគឺជាគោលដៅអភិវឌ្ឍន៍ទីក្រុងថ្មីមួយ ដែលស្ថិតនៅក្នុងឬក្បែរនឹងទីក្រុងគោល ដូចនេះលក្ខណៈសម្បត្តិរបស់វាមានដូចជា៖
- មានហេដ្ឋារចនាសម្ព័ន្ធស្អាត ឬកំពុងអភិវឌ្ឍន៍យ៉ាងរលូន ដើម្បីភ្ជាប់មកកាន់ទីក្រុងគោល ហើយនៅពេលខាងមុខគឺដូចទីក្រុងគោលអញ្ចឹង
- មានទីតាំងនៅក្បែរ ឬនៅក្នុងទីក្រុងគោល ដែលភាគច្រើនគឺជាការធ្វើនគរូបនីយកម្មពង្រីកទីក្រុងគោល និងត្រៀមអភិវឌ្ឍន៍ទីក្រុងថ្មីមួយទៀត ដែលអាចឲ្យការរស់នៅបានសម្បូរបែប។ ឧទាហរណ៍ជាក់ស្ដែង ទីក្រុងរណបខណ្ឌសែនសុខ
- ជាទីក្រុងអភិវឌ្ឍន៍ខ្លាំងដូចទីក្រុងគោលអញ្ចឹង ប៉ុន្តែត្រូវបានកាត់ផ្ដាច់ពីទីក្រុងតាមរយៈភូមិសាស្ត្រ ដូចជាមានទន្លេរដើម្បីឆ្លងជាដើម។ ឧទាហរណ៍ជាក់ស្ដែង តំបន់ច្បារអំពៅ តំបន់ជ្រោយចង្វារ
- តំបន់ដែលរីកចម្រើនឧស្សាហកម្ម ឬពាណិជ្ជកម្មច្រើន និងអាចរស់នៅផ្ដាច់ពីទីក្រុងគោលបាន ព្រោះមានចរន្ដសេដ្ឋកិច្ចផ្ទាល់ខ្លួន ដោយប្រជាជនមិនត្រូវការមកធ្វើការនៅក្នុងទីក្រុងគោលឡើយ។
- ជាទីក្រុងមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ដើម្បីរាប់បញ្ជូលជាផ្នែកនៃទីក្រុងគោលបាន
គូសបញ្ចាក់បន្ដិចថា ទីក្រុងរណបគឺអាចមាននៅគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺតំបន់ដែលស្ថិតនៅក្រុង ឬនៅជាប់ក្រុងនៃខេត្តនីមួយៗ។ ឧទាហរណ៍ជាក់ស្ដែង នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង កំពុងមានការអភិវឌ្ឍន៍ទីក្រុងរណបបាវិត និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក៏មានការអភិវឌ្ឍន៍ទីក្រុងរណបប៉ោយបែតផងដែរ ក្រោមការវិនិយោគពីបរទេស។
យើងអាចសម្គាល់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបានដោយ ជំហ៊ានដំបូងមើលទៅលើគម្រោងអភិវឌ្ឍន៍ផ្លូវ ជាពិសេសគឺផ្លូវក្រវាត់ក្រុង តំបន់ផ្លូវកាត់ (ពីផ្លូវមួយទៅផ្លូវមួយ) និងការវិនិយោគទៅលើគម្រោងធំៗជាច្រើនទៀតដូចជា ឧស្សាហកម្ម ឬពាណិជ្ជកម្ម គម្រោងលំនៅដ្ឋាន ធនាគារ ផ្សារទំនើប សាលារៀន -ល- ដោយយើងអាចឃើញយ៉ាងជាក់ស្ដែងអំពីគម្រោងអភិវឌ្ឍន៍នានា នៅលើផ្លូវ ៦០ ម៉ែត្រនាពេលថ្មីៗនេះ ហើយតំបន់ដីតំបន់នោះ ត្រូវបានវិនិយោគនិងកំពុងសាងសង់យ៉ាងមមារញឹកបំផុត។