វិទ្យាស្ថានកំណើនបៃតងសកល បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា លើការគិតគូរពីបរិស្ថាន ប្រកបដោយចីរភាព - គម្រោងរថយន្តក្រុងអគ្គិសនី ការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់គុណភាពខ្យល់


កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅឯទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដឹកនាំដោយ កញ្ញា Shomi Kim, តំណាង GGGI ប្រចាំកម្ពុជា។

ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ តំណាងវិទ្យាស្ថានកំណើនបៃតងសកល (GGGI) បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ឱ្យបានជ្រាបពីគម្រោង ដែលវិទ្យាស្ថាន កំពុងអនុវត្ត និងគម្រោងដែលគ្រោងនឹងអនុវត្ត នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ការសិក្សាបឋមសមិទ្ធិលទ្ធភាព (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃ ការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។

ចំពោះផែនការបន្ទាប់ GGGI គ្រោងនឹងសិក្សាអំពី គម្រោងលើកកម្ពស់គុណភាពខ្យល់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប នៃខេត្តសៀមរាប ហើយគម្រោងសិក្សានេះដែរ គ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ាន់ស្មានថា នឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ២ឆ្នាំ ដែលទទួលបានថវិកាជំនួយ ពីប្រទេសបារាំង តាមរយៈ AFD។

លើសពីនេះគម្រោងសិក្សាទាក់ទងនឹង ការគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់ សុខភាពអនាម័យក្នុងការស់នៅ ក៏ត្រូវបានបញ្ចូល ទៅក្នុងផែនការ របស់វិទ្យាស្ថាន ក្នុងពេលខាងមុខផងដែរ។

ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់គ្រង និងប្រតិបត្តិការ សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សា សម្រេចបានលទ្ធផលជោគជ័យ តាមការគ្រោងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណ និងសម្តែងនូវការគាំទ្រពេញចិត្ត ចំពោះវិទ្យាស្ថាន GGGI ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តការសិក្សាស្រាវជ្រាវ លើទិដ្ឋភាពផ្សេងៗនៃទ្រឹស្តីកំណើនបៃតង ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាព ដែលវិទ្យាស្ថានកំពុង ក៏ដូចជាគ្រោងនឹង អនុវត្តនាពេលអនាគត នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរ ដោយថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួង ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង កៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនការប្រើប្រាស់ យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន ជាមួយយុទ្ធនាការ អព្យាក្រឹតកាបូន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយបញ្ចូល ថាមពលអគ្គិសនី ដែលកំពុងដាក់ ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្ត ពង្រាយឱ្យបានច្រើននៅ ពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានស្នើទៅវិទ្យាស្ថាន GGGI ពិនិត្យលទ្ធភាព ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាព ជួយជ្រោមជ្រែងដល់ដំណើរការ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាល ធនធានមនុស្សឱ្យមាន ជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យកាន់តែមាន ការរីកចម្រើនថែមទៀត។

ប្រតិភូ GGGI បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើគម្រោងអភិវឌ្ឍន៍នានា ដែលទាក់ទងនឹងការលើកកម្ពស់អនាម័យ បរិស្ថាន និងបានសម្តែងនូវ ការកោតសរសើរចំពោះ ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការងារមួយនេះ ក្រោមការខិតខំប្រឹងប្រែងពី សំណាក់ថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ផងដែរថា៖ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គឺជាអង្គការអន្តររដ្ឋាភិបាល អន្តរជាតិ មានមូលដ្ឋានលើសន្ធិសញ្ញា ដែលគាំទ្រ និងការលើកកម្ពស់ កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងនិរន្តរភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមាន សេដ្ឋកិច្ចកំពុងរីកចម្រើន។ វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងដោយ ផ្អែកលើសុឆន្ទៈថា កំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៃបរិស្ថាន មិនគ្រាន់តែជាគោលបំណង ដែលស្របនោះទេ ការរួមបញ្ចូលនៃ គោលគំនិតទាំងពីរនេះ គឺចាំបាច់សម្រាប់អនាគត របស់មនុស្សជាតិ។

វិទ្យាស្ថាន GGGI ធ្វើការជាមួយដៃគូ ក្នុងវិស័យសាធារណៈ និងឯកជន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជុំវិញពិភពលោក ដើម្បីជំរុញកំណើនបៃតង ឱ្យទៅជាស្នូលនៃផែនការសេដ្ឋកិច្ច។ កម្ពុជា តាមរយៈក្រសួងបរិស្ថាន គឺជាសមាជិកដំបូងនៃ វិទ្យាស្ថាន GGGI នេះផងដែរ៕