វៀតណាម បានដាក់ដំណើរការគម្រោងផ្លូវ ដែលមានតម្លៃជិត ៧៦ លានដុល្លារ សម្រាប់ផ្លូវតភ្ជាប់ខេត្ត Quang Nam ទៅកាន់ប្រទេសកម្ពុជា ឡាវ និងថៃ


គម្រោងធ្វើឱ្យប្រសើរឡើង នូវផ្លូវតភ្ជាប់ខេត្ត Quang Nam ទៅកាន់តំបន់ខ្ពង់រាបកណ្តាល និងប្រទេសជិតខាង ត្រូវបានចាប់ផ្តើមកាលពីថ្ងៃអង្គារ សប្តាហ៍មុន ដោយក្រសួងដឹកជញ្ជូន និងគណៈកម្មាធិការ ប្រជាជនខេត្ត របស់វៀតណាម។

ផ្លូវជាតិលេខ 14E ដែលមានប្រវែងជិត 90 គីឡូម៉ែត្រ តភ្ជាប់ពីភាគខាងកើត និងខាងលិចនៃខេត្ត Quang Nam និងតភ្ជាប់ខេត្ត ទៅកាន់តំបន់ខ្ពង់រាបកណ្តាល និងប្រទេសកម្ពុជា ឡាវ និងថៃ តាមរយៈផ្លូវ Hồ Chí Minh។ រដ្ឋបាលខេត្តក្វាងណាម - Quang Nam បានវិនិយោគ ដើម្បីធ្វើឱ្យប្រសើរឡើង នូវផ្លូវជាតិលេខ 14E ប្រវែង 15 គីឡូម៉ែត្រ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ 1 និងផ្លូវល្បឿនលឿន Đà Nẵng – Quảng Ngãi។

ផ្នែកដែលនៅសេសសល់ មានសភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ដែលបង្កើនការកកស្ទះចរាចរណ៍ និងហានិភ័យ នៃគ្រោះថ្នាក់ ដែលអាចកើតមានឡើង ដល់ការធ្វើដំណើរ។ ក្រោមគម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវសេសសល់ប្រវែង 74 គីឡូម៉ែត្រនេះ នឹងត្រូវបានជួសជុលឡើងវិញ ជាមួយនឹងការវិនិយោគសរុបជាង 1.8 ពាន់លានដុង (75.8 លានដុល្លារ) គិតចាប់ពីឆ្នាំ 2021 ដល់ឆ្នាំ 2025 ដោយក្នុងនោះ អគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាម (DRVN) ជាអ្នកវិនិយោគនាំមុខគេ លើគម្រោងនេះ។

លោក Lê Trí Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានស្នើថា មូលដ្ឋានដែលរួមបញ្ចូលក្នុងគម្រោង ត្រូវតែធ្វើការជាមួយប្រជាជន និងអ្នកវិនិយោគ ទន្ទឹមនឹងការសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយ ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង សម្រាប់ការសាងសង់ និងការបោសសំអាតដី។

ដោយឡែក រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyễn Văn Thắng បានសង្កត់ធ្ងន់ថា ផ្លូវនេះមិនត្រឹមតែតភ្ជាប់តំបន់ទំនាប និងតំបន់ខ្ពង់រាបប៉ុណ្ណោះទេ ថែមទាំងពង្រីកតំបន់អភិវឌ្ឍន៍ Quang Nam និងតំបន់កណ្តាល ជំរុញពាណិជ្ជកម្មតាម ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចផងដែរ។

នៅពេលដែលបានបញ្ចប់ គម្រោងនេះនឹងកាត់បន្ថយចម្ងាយផ្លូវ សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ រវាងតំបន់ខ្ពង់រាបកណ្តាល របស់វៀតណាម ខេត្តភាគខាងជើង និងភាគអាគ្នេយ៍នៃឆ្នេរសមុទ្រ និងភាគខាងត្បូងប្រទេសឡាវ ភាគឦសាននៃប្រទេសកម្ពុជា និងប្រទេសថៃ ទៀតផង។

បន្ថែមពីនេះ លោក Nguyễn Văn Thắng ក៏បានស្នើឱ្យ DRVN សម្របសម្រួល ប្រកបដោយប្រសិទ្ធភាពជាមួយខេត្ត Quang Nam បន្ថែមលើការត្រួតពិនិត្យ និងការគ្រប់គ្រង ដើម្បីធានាគុណភាព និងវឌ្ឍនភាព។

លោកបានថ្លែងថា៖ «គម្រោងនេះផ្តោតជាពិសេស សម្រាប់ប្រជាជន និងអាជីវកម្ម។ ខ្ញុំបានស្នើសុំឱ្យ DRVN ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង ក្រុមហ៊ុនប្រឹក្សា និងអ្នកម៉ៅការឱ្យបានឆាប់រហ័ស ដើម្បីបង្កើតផែនការលម្អិត និងជម្រើសនៃ ការសាងសង់សមស្រប ប្រមូលផ្តុំធនធានមនុស្ស និងឧបករណ៍ដើម្បី ធានាបាននូវគុណភាព វឌ្ឍនភាព សុវត្ថិភាព និងបរិស្ថានស្អាត។"