គម្រោងសាងសង់ស្ពានថ្មីមួយ ឆ្លងទន្លេបាសាក់ តភ្ជាប់សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាមួយនឹងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ គ្រោងនឹងបើកការដ្ឋានសាងសង់នៅអំឡុងចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បើយោងតាមប្រសាសន៍ លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងសាងសង់ស្ពាន ឆ្លងទន្លេបាសាក់មួយទៀត ដែលស្ថិតនៅចន្លោះស្ពានព្រះមុនីវង្ស និងស្ពានព្រែកសំរោងនេះ គឺជាការសម្រួលចរាចរណ៍ មួយកម្រិតទៀត រវាងតំបន់ច្បារអំពៅ និងតំបន់ចាក់អង្រែក្រោម ជាពិសេសលើកកម្ពស់ ដល់ប្រសិទ្ធភាពធ្វើដំណើរ ការដឹកជញ្ជូន ភាគខាងត្បូងរាជធានីភ្នំពេញ និងភាគខាងកើតរាជធានីភ្នំពេញ ពោលគឺអាចធ្វើដំណើរពី មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ ម៉ែត្រ) មកកាន់ផ្លូវជាតិលេខ១ បានយ៉ាងឆាប់រហ័ស ដែលជំរុញដល់ការអភិវឌ្ឍតំបន់ក្រុងតាខ្មៅ ខេត្តកណ្ដាល តំបន់ផ្លូវ៦០ ម៉ែត្រ និងតំបន់អាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ ដែលកំពុងក្លាយទៅជា ទីក្រុងរណបតំបន់អភិវឌ្ឍថ្មីប្រចាំភាគខាងត្បូង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នេះគឺជាគម្រោងស្ពានទី៧ ដែលឆ្លងកាត់ទន្លេបាសាក់ បន្ទាប់ពីការសម្ពោធ ប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា កន្លងទៅ ដែលបានសម្រួលបញ្ហា កកស្ទះចរាចរណ៍ មួយផ្នែកធំ នៅស្ពានព្រះមុនីវង្ស។ សូមបញ្ជាក់ផងដែរថា ទន្លេបាសាក់ មានស្ពានចំនួន ៦ កំពុងប្រើប្រាស់ មានដូចជា៖
• ស្ពានព្រះមុនីវង្សចាស់ សាងសង់អំឡុងរាជព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) ប៉ុន្តែត្រូវបានសាងសង់ជាស្ពានបេតុងរួចរាល់ កាលពីឆ្នាំ១៩៦៦ សម័យសង្គមរាស្ត្រនិយម
• ស្ពានព្រះមុនីវង្សទី២ សាងសង់រួចក្នុងឆ្នាំ២០០៦
• ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកសំរោង (តាខ្មៅ) សាងសង់នៅឆ្នាំ២០១៤
• ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ សាងសង់អំឡុងឆ្នាំ ២០១៨
• ស្ពានកោះអន្លង់ចិន (ផ្លូវក្រវ៉ាត់ក្រុងទី៣) ស្ពានកោះពេជ្រ-កោះនរា សាងសង់រួចនៅឆ្នាំ២០២៣
• ស្ពានកោះពេជ្រ-កោះនរា សាងសង់រួចនៅឆ្នាំ២០២៣
