កម្ពុជា ត្រៀមកញ្ចប់ថវិកាសរុបប្រមាណ ៦៥ លានដុល្លារ ក្នុងឆ្នាំ២០២៤ នេះ ដើម្បីជម្រុញសង្វាក់ផលិតកម្មស្វាយចន្ទី


ភ្នំពេញ៖ បើយោងតាម សន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែកុម្ភៈនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការផ្តល់កម្ចីប្រមាណ ៣៥លានដុល្លារ សម្រាប់ជម្រុញខ្សែច្រវាក់ ផលិតកម្មស្វាយចន្ទី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

ស្របគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានត្រៀមទុនបម្រុងប្រមាណ ៣០លានដុល្លាទៀត សម្រាប់រដូវប្រមូលផលស្វាយចន្ទី ក្នុងឆ្នាំ២០២៤ នេះទៀតផង។

ជាមួយនឹងហិរញ្ញប្បទានខាងលើនេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរៀបចំ និងដាក់ចេញវិធានសំខាន់ៗ ដើម្បីជម្រុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។

វិធានការទាំងនោះរួមមាន ការពង្រឹងនិងពង្រីក ការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផល ពាក់កណ្តាលសម្រេចជាមុនសិន ពោលគឺផ្តោតការនាំចេញ គ្រាប់ស្វាយចន្ទីស្ងួត ហើយជំហានបន្ទាប់ត្រូវ ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងបន្តពង្រឹង ទីផ្សារស្វាយចន្ទីកម្ពុជា រួមទាំងជម្រុញការចងក្រង និងការបង្កើតសហគមន៍បែបថ្មី ព្រមទាំងពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញ គ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃក្នុងស្រុក បង្កើនទុនវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃ។

លើសពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ ជូនចំពោះវិស័យឯកជន និងធុរជន ដូចជាផ្តល់ការលើកទឹកចិត្តពន្ធដារ ២ឆ្នាំថែមទៀត ចំពោះសហគ្រាសកែច្នៃផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ មានដូចជា ស្រូវ អង្ករ ពោត សណ្តែក ដំឡូងមី គ្រាប់ស្វាយចន្ទី ម្រេច និងជ័រកៅស៊ូ និងបន្តលើកលែងប្រាក់រំដោះពន្ធដារ លើប្រាក់ចំណូលចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គង់ ឬនាំចេញផលិតផលកសិកម្ម បូករួមទាំងគ្រាប់ស្វាយចន្ទី រយ:ពេល ២ឆ្នាំ (២០២៤-២០២៥) ទៀតផងដែរ។

មិនតែប៉ុណ្ណោះ រដ្ឋក៏បានដាក់ចេញ វិធានការបន្ថែមផ្សេងទៀត ដែលពាក់ព័ន្ធដោយប្រយោល រួមមានផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ការអនុគ្រោះពន្ធដារ បញ្ចុះថ្លៃអគ្គីសនី ជូនអតិថិជនកសិកម្ម និងឧស្សាហកម្ម ការដឹកជញ្ជូន និងការសម្រួលជាច្រើនផ្សេងទៀត។