គម្រោងព្រែកជីក ហ្វូណន តេជោ គ្រោងបញ្ចប់កិច្ចព្រមព្រៀងនៅខែមិថុនា និងបើកការដ្ឋានចុងឆ្នាំ២០២៤


ព្រែកជីក ហ្វូណន តេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមផ្លូវទឹក ដ៏ធំមួយក្នុងប្រវត្តិសាស្ត្រ ដែលអាចនឹងចំណាយថវិកាប្រមាណ ១ ៧០០ លានដុល្លារ ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) នៃកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានវិនិយោគ ពីប្រទេសចិន សម្រាប់ធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក និងភស្ដុភារ នៅកម្ពុជា ជាពិសេសបំពេញតម្រូវការ ដឹកជញ្ជូនទំនិញពីកំពង់ផែទឹកជ្រៅ មកកាន់រាជធានីភ្នំពេញ បានឆាប់រហ័ស តាមផ្លូវទឹកផ្ទាល់ នឹងកាត់បន្ថយការដឹកជញ្ជូន តាមផ្លូវទឹកពីកំពង់ផែ ប្រទេសជិតខាង។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងហិរញ្ញប្បទាន លើគម្រោងសាងសង់ព្រែកជីក ហ្វូណន តេជោ អាចនឹងបញ្ចប់នៅត្រឹម ពាក់កណ្ដាលឆ្នាំ២០២៤ ពោលគឺនៅក្នុងខែមិថុនា ឬយ៉ាងយូរត្រឹមខែកក្កដា ចំណែការបើកការដ្ឋានសាងសង់អាចនឹង ប្រព្រឹត្តិទៅបាននៅត្រីមាសទី៤ ឆ្នាំ២០២៤ នេះតែម្ដង។ គម្រោងព្រែកជីក ហ្វូណន តេជោ មិនត្រឹមតែបម្រើជាប្រយោជន៍ ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប៉ុណ្ណោះទេ ថែមទាំងសម្រួលដល់ ប្រព័ន្ធធារាសាស្ត្រ សម្រាប់ធ្វើកសិកម្ម ដល់ប្រជាកសិករ នៅតាមបណ្ដោយព្រែកជីកនេះផងដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីក ហ្វូណន តេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកជីកនេះ នឹងត្រូវជីកទទឹងមុខកាត់ប្រវែង ១០០ ម៉ែត្រ (សម្រាប់ផ្នែកខាងលើ) និងទទឹងមុខកាត់ ៨០ ម៉ែត្រ (សម្រាប់ផ្នែកខាងក្រោម) ជម្រៅទឹក ៥,៤ ម៉ែត្រ អាចបើកបរនាវាដឹកទំនិញបាន ២ គន្លងទៅមក ដោយសុវត្ថិភាព។

ហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ គ្រោងនឹងចំណាយថវិកាប្រមាណ ១ ៧០០ លានដុល្លារ វិនិយោគសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) និងប្រើពេលប្រមាណ ៤ ឆ្នាំដើម្បីបញ្ចប់ការសាងសង់។

ព្រែកជីក ហ្វូណន តេជោ នឹងបម្រើជាប្រយោជន៍យ៉ាងសំខាន់ ក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជា ពោលគឺការពង្រីកសក្ដានុពល នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក និងភស្ដុភារ ដោយអាចតភ្ជាប់ទន្លេ ជាមួយនឹងសមុទ្រ ក៏ដូចជាការអភិវឌ្ឍន៍កំពង់ផែស្វយ័ត បន្ថែមនៅតាមបណ្ដោយទន្លេផងដែរ។ គម្រោងនេះ នឹងជួយសម្រួលបញ្ហាកកស្ទះនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាត់បន្ថយការដឹកជញ្ជូន ទំនិញតាមផ្លូវគោក កាត់បន្ថយការឆ្លងកាត់ទំនិញ តាមកំពង់ផែប្រទេសជិតខាង និងចូលរួមអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ សម្រាប់កសិកម្ម និងកាត់បន្ថយបញ្ហាគ្រោះទឹកជំនន់ផងដែរ។