ផ្លូវជាតិលេខ៤៨ ស្រែអំបិល-ក្រុងខេមរភូមិន្ទ សម្រេចការងារសាងសង់ពង្រីក និងលើកគុណភាព បានជាង ៤៥% ហើយ!


គម្រោងសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលជាផ្លូវអាស៊ានហាយវ៉េ លេខ១២៣ ភាគនិរតី តភ្ជាប់ក្រុងខេមរភូមិន្ទ មកកាន់ផ្លូវជាតិលេខ៤ (ឬផ្លូវអាស៊ានហាយវ៉េលេខ១១) ស្រុកស្រែអំបិល ខេត្តកោះកុង សម្រេចការងារបានប្រមាណ ៤៥% គិតត្រឹមដើមខែមីនា ឆ្នាំ២០២៣ ដោយគម្រោងនេះ នឹងពន្លឿនអោយសម្រេចការងារបាន ៦០% នៅត្រឹមរដូវប្រាំងឆ្នាំ២០២៤ ដើម្បីអនុវត្តការអ៊ុតកៅស៊ូ អោយរួចរាល់ ១០០% នៅពាក់កណ្ដាលឆ្នាំ២០២៥។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨ គីឡូម៉ែត្រ មានដំណើរការសាងសង់ យឺតយ៉ាវជាងផែនការបន្ដិចបន្ដួច ដោយសារកត្តាបញ្ហាកូវីដ-១៩ និងភូមិសាស្ត្រតំបន់ពិបាក ក្នុងការសាងសង់និងពង្រីកទំហំផ្លូវ លើសពីនេះរដូវវស្សា មានរយៈពេល ៦ ខែ ដែលការងារសាងសង់អាចដំណើរការ បានត្រឹមតែ ៦ ខែប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមហ៊ុនម៉ៅការសាងសង់ ព្យាយាមពន្លឿនការសាងសង់ អោយសម្រេចបានដល់ ៦០% នៅត្រឹមខែឧសភា ឆ្នាំ២០២៤ ដើម្បីឈានដល់ការអ៊ុតកៅស៊ូ AC អោយបានរួចរាល់ ១០០% នៅត្រឹមរដូវប្រាំងឆ្នាំក្រោយនេះ។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានបើកការដ្ឋានកាលពីខែមករា ឆ្នាំ២០២២ ត្រូវបានម៉ៅការសាងសង់ ដោយក្រុមហ៊ុន ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ត្រូវពង្រីកបន្ថែមលើ ផ្លូវចាស់ចាប់ពីទំហំ ១១ ម៉ែត្រទៅ ១៣ ម៉ែត្រ, កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវ, ពង្រីកពីផ្លូវ ២ កន្លងទៅជាផ្លូវ ៤ គន្លង សាងសង់ស្ពានកោះកុងថ្មី ដែលមានប្រវែង ១៩០០ ម៉ែត្រ និងលើកម្រិតទៅជាផ្លូវបេតុងកៅស៊ូ AC អាចប្រើប្រាស់បានយូរអង្វែង។

គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៨ នឹងត្រូវចំណាយថវិកាប្រមាណ ៧៨ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ ផ្លូវអាស៊ានហាយវ៉េ ផ្លូវរបៀងមាត់សមុទ្រភាគខាងត្បូង នៃមហាអនុតំបន់ទន្លេមេគង្គ រវាងប្រទេសកម្ពុជា-ថៃ ក្នុងការរួមចំណែកអភិវឌ្ឍន៍ ទាំងវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរ។