គម្រោងជួសជុលខឿនព្រះលានជល់ដំរី គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ខណៈបច្ចុប្បន្នសម្រេចការងារជួសជុលពង្រឹង និងរៀបជញ្ជាំង ដែលទ្រេតមកខាងមុខ បានប្រមាណ ៩០% ហើយ!


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានកំពុងសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុល ខឿនរបស់ព្រះលានជល់ដំរី អាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២៤ ខាងមុខនេះ។

យ៉ាងណា ការងារជួសជុល ខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន ២ ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំង C នៅផ្នែកខាងត្បូងប្រវែង ១៥ម៉ែត្រ បានចាប់ផ្តើម តាំងពីចុងឆ្នាំ២០២១ មកម៉្លេះ។

បើតាម អ្នកស្រី សៀង សុផានី ដែលជាអ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុល ព្រះលានជល់ដំរីទីតាំងA បានឱ្យដឹងថាការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយ ស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀម ផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីក ការជួសជុលកម្រាល នៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀត នូវផ្នែកដែលស្រុតបញ្ចៀស ការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើត នៃព្រះលានជល់ដំរីបានចំនួន ៥រួត។

ដោយឡែក លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ដែលជាស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំង ដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន ៩០% ហើយ។

រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំ ប្រព័ន្ធរំដោះទឹកទៅតាម អនុសាសន៍របស់ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់ មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម ហើយអាចរំពឹងថា អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ។