ស្ពានអាកាស មរតកតេជោ បានបើកប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១មេសានេះ សម្រាប់សម្រួលចរាចរណ៍ មុនពិធីបុណ្យចូលឆ្នាំខ្មែរ


ចាប់ពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ពានអាកាសមរតកតេជោ នៅចំណុចក្បាលថ្នល់ តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ត្រូវបានដាក់អោយប្រើប្រាស់បណ្ដោះអាសន្នហើយ ក្រោមអនុសាសន៍ណែនាំពី សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈដែលគម្រោងសាងសង់ស្ពាន សម្រេចការងារបានប្រមាណ ៨០% គ្រោងនឹងបញ្ចប់នៅចុងខែមេសា ខាងមុខនេះ។

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ទើបនឹងលេចចេញជារូបរាង គឺស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ ជាស្ពានអាកាស ២ ជាន់ដំបូងនៅកម្ពុជា ត្រូវបានបើកប្រើប្រាស់នៅដើមខែមេសានេះ សម្រាប់តភ្ជាប់មហាវិថី ដ៏មមាញឹកបំផុតមួយ នៅរាជធានីភ្នំពេញ ដែលរួមចំណែកកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរ ជាពិសេស សម្រាប់ស្វាគមន៍ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបងប្អូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរទៅកាន់ស្រុកកំណើត។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា សមិទ្ធផលស្ពានមរតកតេជោ ដំណាក់កាលទី១ នេះត្រូវបានសាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានចាប់ផ្ដើម ការដ្ឋានកាលពីខែសីហា ឆ្នាំ២០២២ ដោយស្ពានមួយខ្សែនេះ មានប្រវែង ១២០០ ម៉ែត្រ គិតចាប់ពីផ្លូវភ្ជាប់ស្ពាន មានទទឹងទំហំ ១៤ ម៉ែត្រ ទៅ ១៥,៨ ម៉ែត្រ អាចចរាចរណ៍រថយន្ដចំនួន ៤ គន្លង និងតភ្ជាប់មហាវិថីព្រះមុនីវង្ស ជាមួយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ)។ សម្រាប់ពេលនេះ ក្រុមហ៊ុនកំពុងចាប់ផ្ដើម ចាក់គ្រឹះបង្គោលស្ពានជាន់ក្រោម ដែលជាស្ពានរង្វង់មូល និងគ្រោងបញ្ចប់ទាំងស្រុង នៅត្រឹមចុងឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើន ប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី។

សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយ លើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និងសម្រួលដល់ ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ ការកសាងសេដ្ឋកិច្ចមូលដ្ឋាន របស់ប្រជាពលរដ្ឋផងដែរ។