ស្វែងយល់ពីអត្ថប្រយោជន៍ នៃគម្រោងព្រែកជីកហ្វូណនតេជោ!


ព្រែកជីក គឺជាការបង្កើតបណ្ដាញផ្លូវទឹកបន្ថែម ពីលើផ្លូវទឹកដែលមានស្រាប់ តាមទន្លេឬសមុទ្រ ហើយមានគោលបំណងធំបំផុត សម្រាប់បម្រើលើវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនងាយស្រួលជាងផ្លូវគោក និងចេញទៅកាន់ ច្រកសមុទ្រអន្តរជាតិបានរហ័ស។ ការបង្កើតបណ្ដាញផ្លូវទឹក ឬព្រែកជីក មិនមែនជារឿងថ្មីនោះទេ នៅតំបន់ឥណ្ឌូចិននេះ ព្រែកជីក មានតាំងពីសម័យអាណាចក្រហ្វូណន ឬនគរភ្នំ (ចាប់ពីសតវត្សទី១ ដល់ទី៧) មកម្ល៉េះ ដូចជាកំពង់ផែអូរកែវ ត្រូវបានតភ្ជាប់ព្រែកជីកអូរកែវ ទៅកាន់ច្រកសមុទ្រ ដើម្បីធ្វើពាណិជ្ជកម្ម រវាងអាណាចក្រហ្វូណន ជាមួយអាណាចក្រផ្សេងៗទៀត។ ចំណែកព្រែកជីក ហ្វូណនតេជោ ដែលគ្រោងនឹងស្ថាបនានៅចុងឆ្នាំ ២០២៤ ត្រូវបានប៉ាន់ស្មានថា មានប្រជាជនសរុបប្រមាណ ១,៦ លាននាក់ រស់នៅអមសងខាងព្រែកជីកនេះ ពោលគឺជិត ១០% នៃចំនួនប្រជាជនកម្ពុជាសរុប ដូចនេះ តើព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍យ៉ាងណាខ្លះ?

១. ប្រយោជន៍ពាណិជ្ជកម្ម

ព្រែកជីកហ្វូណនតេជោ មានគោលបំណងធំតែមួយគត់ គឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម ដោយព្រែកជីកនេះនឹងកាត់បន្ថយ ការដឹកជញ្ជូនតាមផ្លូវគោក កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញ ដែលនឹងរួមចំណែកលើកកម្ពស់ កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើអោយទំនិញចុះថោក និងមានទីផ្សារទូលំទូលាយជាងមុន។ ព្រែកជីកប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រនេះ នឹងតភ្ជាប់បណ្ដាញផ្លូវទឹកនៃទន្លេមេគង្គ និងទន្លេបាសាក់ ទៅកាន់ផ្លូវសមុទ្រអន្តរជាតិ ដោយចាប់ផ្ដើមពីព្រែកតាកែវ ឆ្លងកាត់តាមព្រែកតាឯក ព្រែកតាហ៊ីង រហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ នឹងបម្រើដល់ ការដឹកជញ្ជូនទំនិញក្នុងប្រទេស និងអន្តរជាតិ មកកាន់រាជធានីភ្នំពេញបានយ៉ាងឆាប់រហ័ស ជាពិសេសកំពង់ផែស្វយ័តភ្នំពេញ ដែលជាកំពង់ផែធំទី២ របស់កម្ពុជា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ ដោយមិនពឹងផ្អែកតាមផ្លូវទឹកទន្លេមេគង្គ តាមច្រកសមុទ្រ ប្រទេសជិតខាងទៀតឡើយ។

២. ប្រយោជន៍កសិកម្ម

ក្រៅពីការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម ព្រែកជីកហ្វូណនតេជោ នឹងក្លាយទៅជាបណ្ដាញ ផ្លូវទឹកមួយខ្សែ ឆ្លងកាត់ចំនួន ៤ ខេត្តរួមមាន ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប សម្រាប់ផ្ដល់ប្រភពទឹកមួយផ្នែក ដល់ការអភិវឌ្ឍន៍វិស័យកសិម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋប្រមាណ ១,៦ លាននាក់ ដែលរស់នៅតាម ដងព្រែកជីកប្រវែង ១៨០ គីឡូម៉ែត្រនេះ។

៣. ប្រយោជន៍ទេសចរណ៍

សូមបញ្ជាក់ថា នៅតាមបណ្ដោយ ព្រែកជីកហ្វូណនតេជោ នឹងមានការសាងសង់ មជ្ឈមណ្ឌលភស្ដុភារកម្ម និងការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើនទៀត បន្ថែមពីនោះក៏នឹងមានសន្ទះផ្លូវនាវាចរណ៍ចំនួន ៣ កន្លែង ស្ពាន ១១ កន្លែង និងការស្ថាបនាផ្លូវអមសងខាង ព្រែកជីកប្រវែងសរុប ២០៨ គីឡូម៉ែត្រ។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ នឹងរួមចំណែកទាក់ទាញ ការវិនិយោគវិស័យទេសចរណ៍ តាមបណ្ដោយព្រែកជីក និងអាចអោយនាវាទេសចរណ៍ ឆ្លងកាត់តាមច្រកសមុទ្រ មកកាន់រាជធានីភ្នំពេញ បានផងដែរ។

៤. ប្រយោជន៍ការអភិវឌ្ឍន៍

គម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ រំពឹងទាក់ទាញការវិនិយោគបន្ថែម លើវិស័យអចលនទ្រព្យ ជំរុញការអភិវឌ្ឍន៍ទីក្រុង នគរូបនីយកម្ម នៅប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ក្រោយពីការតភ្ជាប់ បណ្ដាញផ្លូវគោក ផ្លូវដែក និងផ្លូវទឹកទាំងនេះ ជាសសៃឈាមសេដ្ឋកិច្ចសំខាន់ ក្នុងការជួយបង្កើនគុណភាព នៃការរស់នៅ ពាណិជ្ជកម្ម និងកម្សាន្ដ -ល-។

សូមបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ គ្រោងនឹងចាប់ផ្ដើមសាងសង់ នៅចុងឆ្នាំ២០២៤ ដោយមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ពីទន្លេបាសាក់ទៅកាន់សមុទ្រកែប ដោយមានប្រវែងទទឹង ១០០ ម៉ែត្រសម្រាប់ផ្នែកខាងលើ និង ៨០ ម៉ែត្រសម្រាប់ផ្នែកខាងក្រោម ជាមួយជម្រៅទឹក ៥,៤ ម៉ែត្រ អាចបើកបរនាវាជម្រៅ ៤,៧ ម៉ែត្រ។ គម្រោងនេះ អាចនឹងចំណាយថវិកាសរុប ១,៧ ពាន់លានដុល្លារ ជាថវិកាវិនិយោគ BOT (Build-Operate-Transfer)។