ក្រុមហ៊ុនចិនចំនួន ២ បង្ហាញគម្រោងផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ និងតភ្ជាប់ទៅកាន់ព្រលានយន្ដហោះថ្មី


កន្លងមកនេះ មានក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនចិនមួយចំនួន បានរៀបចំការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងសាងសង់ផ្លូវរថភ្លើង ក្នុងនោះមានទាំងគម្រោងផ្លូវរថភ្លើងអាកាស រថភ្លើងក្រោមដី និងរថភ្លើងធុនស្រាល ដើម្បីបំពេញតម្រូវការសេវាកម្ម ធ្វើដំណើរសាធារណៈក្នុងរាជធានីភ្នំពេញ ដែលគម្រោងទាំងអស់នោះត្រូវការត្រួតពិនិត្យសិក្សាលំអិតពីទំហំទីក្រុង ចំនួនប្រជាជនរស់នៅ ស្ថានភាពការប្រើប្រាស់ ផ្លូវថ្នល់ជាក់ស្ដែងជាអាទិភាព ប្រភេទរថភ្លើងដែលត្រូវសាងសង់ និងទំហំនៃការវិនិយោគផងដែរ ប៉ុន្តែមិនទាន់មានផ្លូវរថភ្លើង ខ្សែណាមួយបានបញ្ចប់ការសិក្សា និងជ្រើសរើសដើម្បីសាងសង់នៅឡើយទេ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កន្លងមកមានស្ថាប័នផ្សេងៗគ្នា បានសិក្សាលើសមិទ្ធិលទ្ធភាពលើគម្រោង ផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ដូចជា ទីភ្នាក់ងារជប៉ុន JICA បានសិក្សាលើប្រភេទរថភ្លើង AGT ក្រុមហ៊ុនចិន CCECC បានសិក្សារលើប្រភេទរថភ្លើង Monorail និងក្រុមហ៊ុន CCCC បានសិក្សាលើប្រភេទរថភ្លើងក្រោមដី។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ មានក្រុមហ៊ុនចំនួន ២ ផ្សេងទៀត គឺក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group បានរៀបចំសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ និងគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលជាប្លង់សម្រាប់រាជរដ្ឋាភិបាល ពិចារណា និងវាយតម្លៃបន្ថែមទៀត ថាតើគម្រោងណាមួយ នឹងអាចផ្ដល់ផលវិជ្ជមានច្រើន សម្រាប់បំពេញតម្រូវការ ធ្វើដំណើរជាក់ស្ដែងក្នុងរាជធានីភ្នំពេញ ប្រភេទរថភ្លើងបែបណា សាកសមប្រើប្រាស់ មុននឹងជ្រើសយកគម្រោងណាមួយ ដើម្បីសាងសង់ និងស្វែងរកថវិកា ដើម្បីសាងសង់។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំលើការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្ដហោះថ្មី និងគម្រោងរថភ្លើងក្រោមដីរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងក្រោយពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើដំណើរទស្សនកិច្ច ទាក់ទាញសហគ្រិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីចុងឆ្នាំ២០២៣ កន្លងទៅ និងបានចុះទស្សនកិច្ចឈ្វេងយល់ពី ការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងក្រោមដី (Metro) នៅទីក្រុងក្វាងចូវ ដែលបានសាងសង់ដោយក្រុមហ៊ុនទាំង ២ ខាងលើ មានប្រវែងសរុប ២ ពាន់គីឡូម៉ែត្រ ចែកចេញជា ៥០ ខ្សែ និងអាចរត់បានក្នុងល្បឿន ១៦០ គីឡូម៉ែត្រ/ម៉ោង ព្រមទាំងមានប្រព័ន្ធឌីជីថល សម្រាប់តាមដានគ្រប់គ្រង រាល់ដំណើរការរថភ្លើង និងនៅតាមស្ថានីយ៍រថភ្លើងផងដែរ។