រាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ចំនួន ៤៥៥គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមិនគិតថ្លៃ!


ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា កន្លងទៅនេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន៤៥៥គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។

ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីសម្រួលដល់ ការធ្វើដំណើរទៅលេងស្រុកកំណើត របស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្តល់ទឹកសុទ្ធ ដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ ទៅតាមគោលដៅ ចេញដំណើរផងដែរ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តក្រុងទាំងអស់ ឱ្យរក្សាតម្លៃដឹកជញ្ជូនដដែល ដោយមិនត្រូវដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងចំណោមតួលេខនេះ រថយន្តក្រុងចំនួន ៦០គ្រឿង នឹងត្រូវប្រើប្រាស់ នៅក្នុងរាជធានី ចំណែកឯ ៣៩៥គ្រឿងទៀត នឹងត្រូវប្រើប្រាស់ដើម្បី ដឹកជញ្ជូនប្រជាពលរដ្ឋទៅមក ពីភ្នំពេញទៅកាន់ បណ្តាខេត្តនានាទូទាំងប្រទេស។