៣ ខែដំបូងក្នុងឆ្នាំនេះ រមណីយដ្ឋានអង្គរ ទាក់ទាញភ្ញៀវទេសចរបានជិត ៣៥ ម៉ឺននាក់ ជាមួយនឹងចំណូលជាង ១៦,៥លានដុល្លារ បានពីការលក់សំបុត្រចូលទស្សនា!


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរ កាលពីថ្ងៃទី ១មេសា កន្លងទៅនេះ បានឲ្យដឹងថា រយៈពេល ៣ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.៥៣៣.២៩៣ដុល្លារ ពីការលក់សំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់។

ជាក់ស្តែង ចំណូលនេះបានកើនឡើងប្រមាណ ៤៨,៤៧% ប្រសិនបើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ។

បន្ថែមពីនេះ របាយការណ៍ដដែល ក៏បានឱ្យដឹងទៀតថា សម្រាប់តែខែមីនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.២៩៨.៦១៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១១១.៦៨៤នាក់ ដែលចំណូលនេះកើនឡើង ៤១,៣៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

គួរឲ្យដឹងដែរថា ទៅលើតម្លៃចូលទស្សនា រមណីដ្ឋានអង្គរសម្រាប់ ភ្ញៀវទេសចរអន្តរជាតិ គឺក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។