ការងារព្រែកជីកហ្វូណនតេជោ តម្លៃខ្ទង់ ១,៧ ពាន់លានដុល្លារ ដែលមានប្រវែង ១៨០ គ.ម របស់កម្ពុជា គ្រោងនឹងចាប់ផ្តើមនៅឆ្នាំនេះ!


ភ្នំពេញ៖ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ “កម្ពុជា-ច្រកទ្វារទៅកាន់អាស៊ាន”( Cambodia – Gateway to ASEAN) ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ កាលពីថ្ងៃទី ២មេសាកន្លងទៅ ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការងារសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ របស់ប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅឆ្នាំនេះ។ យ៉ាងណាប្រវែងសរុប នៃព្រែកជីកហ្វូណនតេជោ ត្រូវការជីក ប្រវែងត្រឹមតែ៧គីឡូម៉ែត្រប៉ុណ្ណោះ។

ជាក់ស្តែង ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា “យើងក៏នឹងមិនបង្វែ ទឹកពីទន្លេមេគង្គ ដូចការបារម្ភមួយចំនួននោះទេ” ដោយសម្តៅលើការបារម្ភ ដែលបានលើកឡើង ដើម្បីប្រឆាំងនឹងគម្រោង ដែលមានទំហំទឹកប្រាក់ចំនួន ១,៧ ពាន់លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុវត្ត ជាមួយហិរញ្ញប្បទានរបស់ចិន។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងចំពោះ ប្រតិភូមកពីបណ្តា ប្រទេសអាស៊ានមួយចំនួនថា គម្រោងនេះកំពុង ត្រូវបានពិចារណា សម្រាប់អនុវត្តបន្ទាប់ពី ការសិក្សាលម្អិតរយៈពេល ២៦ ខែ។ ឯកឧត្តមបានរំលឹកថា ផ្លូវទឹកនឹងផ្តល់អត្ថប្រយោជន៍ សម្រាប់តំបន់ ក៏ដូចជាកាត់បន្ថយ ថ្លៃដឹកជញ្ជូនទំនិញបានយ៉ាងច្រើន។

សម្រាប់គម្រោងនេះ គឺផ្លូវទឹកដែលលាតសន្ធឹងពី ព្រែកតាកែវនៃទន្លេមេគង្គ ដល់ខេត្តកែប មានទទឹង១០០ម៉ែត្រខាងលើ និង៨០ម៉ែត្រពីក្រោម មានជម្រៅ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ។ ) គម្រោងនេះនឹងសាងសង់ ទំនប់ផ្លូវទឹកចំនួន ៣ ស្ពានចំនួន ១១ ផ្លូវដើរចិញ្ចើមផ្លូវប្រវែង ២០៨ គីឡូម៉ែត្រ និងផ្តល់ជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ឆ្លងទន្លេផ្សេងទៀត ផងដែរ។

គួរឲ្យដឹងដែរថា នៅពេលដែលគម្រោងនេះ ត្រូវបានប្រកាស វៀតណាមបានសម្តែង ការព្រួយបារម្ភចំពោះផលប៉ះពាល់ របស់ព្រែកជីកនេះ ទៅលើទន្លេមេគង្គ។

ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រែកជីកនេះនឹងមិនមាន ផលប៉ះពាល់បរិស្ថាន ឬប្រព័ន្ធអេកូឡូស៊ីនោះឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពី គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្សេងទៀត ដែលកម្ពុជាកំពុងអនុវត្ត ដែលរួមមានគម្រោង ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលបច្ចុប្បន្នគ្រប់គ្រង ពាណិជ្ជកម្មអន្តរជាតិ ចំនួន ៦៣% ផងដែរ។

ចំណតកុងតឺន័រថ្មីរបស់កំពង់ផែ ដែលកំពុងសាងសង់នាពេលនេះ នឹងជួយសម្រួលដល់ នាវាដឹកទំនិញ ចំនួន ៩៣% នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការចូលចតនៅកំពង់ផែនេះ ដែលកាត់បន្ថយ ការចំណាយលើការដឹកជញ្ជូនយ៉ាងច្រើន។ គម្រោងនេះត្រូវបាន គេរំពឹងថានឹងបញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០២៧ ហើយសមត្ថភាពផ្ទុក កុងតឺន័រនៃកំពង់ផែ ពេលនោះនឹងឈានដល់ ១ ២៥០ ០០០ TEUs ក្នុងរយៈពេលមួយឆ្នាំ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រុញ វិនិយោគិនមកពីទូទាំងតំបន់ ឱ្យជួយគាំទ្រដល់ផែនការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់កម្ពុជា។ ឯកឧត្តមបានរំឭកថា៖ «វិស័យឯកជនគឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចរបស់យើង។

គូសសម្គាល់ផងដែរថា កិច្ចពិភាក្សានោះ ក៏មានការចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករ មូលបត្រកម្ពុជា ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និង ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម Arnaud Darc ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Thalias Group និងជាសហប្រធាននៃការងារ “ឃ” (ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច) គឺជាអ្នកសម្របសម្រួល សម្រាប់កិច្ចពិភាក្សានោះ។