VNexpress ៖ កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី គឺជាប្រភពទេសចរណ៍ ដែលមានការកើនឡើងលូតលាស់បំផុត ហូរចូលទៅក្នុងប្រទេសវៀតណាម សម្រាប់ត្រីមាសទី១ នៃឆ្នាំនេះ!


វៀតណាម៖ បើយោងតាមប្រភពព័ត៌មានពី VNexpress បានឲ្យដឹងថា កម្ពុជា គឺជាទីផ្សារទេសចរណ៍ ដែលរីកលូតលាស់ យ៉ាងឆាប់រហ័សបំផុត របស់វៀតណាម ជាមួយនឹងចំនួនភ្ញៀវមកពីប្រទេសនេះ ក្នុងត្រីមាសទីមួយកើនឡើង ៣៣៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩។

តួលេខនេះ ត្រូវបានតាមពីក្រោយដោយ ប្រទេសឥណ្ឌា (៣០៤%) ឥណ្ឌូនេស៊ី (១៨៨%) តៃវ៉ាន់ (១៤៥%) ឡាវ (១២៥%) និងអេស្ប៉ាញ (១២៣%) នេះបើយោងតាម ទិន្នន័យពីអាជ្ញាធរជាតិទេសចរណ៍វៀតណាម តែម្តង។ យ៉ាងណា សិង្ហបុរី អូស្ត្រាលី កូរ៉េខាងត្បូង និងអាឡឺម៉ង់ បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ របស់វៀតណាម។

ប្រភពដដែល បាននិយាយថា អាស៊ីបានក្លាយជាចំណុចទាក់ទាញខ្លាំង សម្រាប់ទេសចរណ៍ចូលរបស់វៀតណាម ដោយសារការស្នាក់នៅ ដោយគ្មានទិដ្ឋាការរយៈពេល ៣០ ថ្ងៃសម្រាប់ភ្ញៀវទេសចរនៃ ប្រទេសសមាជិកអាស៊ាន និងការបង្កើនការហោះហើរ ត្រង់ពីអាស៊ីអាគ្នេយ៍ផងដែរ។

ក្នុងនោះដែរ មហាសេដ្ឋីឥណ្ឌាមួយចំនួន បានជួលរមណីយដ្ឋានប្រណិតនៅកោះ Phu Quoc, Da Nang និង Ha Long ដើម្បីរៀបចំពិធីមង្គលការ បង្កើនកេរ្តិ៍ឈ្មោះរបស់ប្រទេសវៀតណាម នៅលើផែនទីទេសចរណ៍ពិភពលោកទៀតផង។ បន្ថែមពីនេះ ប្រជាជនអូស្ត្រាលី ក៏កំពុងធ្វើដំណើរទៅកាន់ ប្រទេសវៀតណាមកាន់តែច្រើនផងដែរ ដោយសារតម្លៃសំបុត្រយន្តហោះទាប និងជើងហោះហើរត្រង់ថ្មី មួយចំនួនពីប្រទេសរបស់ពួកគេ ទៅកាន់ទីក្រុងហាណូយ និងហូជីមិញ។

ចាប់តាំងពីខែសីហាឆ្នាំមុន ពលរដ្ឋនៃបណ្តាប្រទេសអ៊ឺរ៉ុប ដូចជាអេស្ប៉ាញ និងអាល្លឺម៉ង់ អាចស្នាក់នៅដោយ គ្មានទិដ្ឋាការរយៈពេល ៤៥ ថ្ងៃ ជំនួសឱ្យការពីមុនមានតែ ១៥ថ្ងៃប៉ុណ្ណោះ។

យោងតាមអាជ្ញាធរទេសចរណ៍វៀតណាម ចំនួនភ្ញៀវទេសចរចិន កាលពីឆ្នាំមុនមានត្រឹមតែ ៣០% នៃតួលេខឆ្នាំ ២០១៩ ប៉ុន្តែមាន ៦៩% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។

ស្របគ្នានេះដែរ ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន ដូចជាប្រទេសថៃ និងម៉ាឡេស៊ីបានលើកលែងទិដ្ឋាការ សម្រាប់ជនជាតិចិន និងឥណ្ឌា ចំពេលមានការប្រណាំងទេសចរណ៍ខ្លាំង ហើយអ្នកជំនាញទេសចរណ៍ ចង់ឱ្យរដ្ឋាភិបាលវៀតណាមធ្វើដូចគ្នា។

លោក Martin Koerner ប្រធានក្រុមការងារទេសចរណ៍ នៃវេទិកាធុរកិច្ចវៀតណាម បានមានប្រសាសន៍ថា ក្រៅពីការលើកលែងទិដ្ឋាការ វៀតណាមក៏គួរតែកែលម្អគុណភាព និងភាពសម្បូរបែប នៃសេវាកម្មទេសចរណ៍របស់ខ្លួន និងបើកការិយាល័យ នៅក្នុងទីផ្សារសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវបរទេស។

ចំនួននៃការមកដល់របស់បរទេស ក្នុងខែមករាដល់ខែមីនា មានចំនួន ៤,៦ លាននាក់ កើនឡើង ៣,២% ពីឆ្នាំ ២០១៩ ដែលជាលើកដំបូង ដែលចំនួនប្រចាំត្រីមាស បានលើសពីកម្រិតមុនការរាតត្បាត ចាប់តាំងពីប្រទេសនេះ បានបើកព្រំដែនឡើងវិញ ក្នុងខែមីនា ឆ្នាំ ២០២២។ វាតំណាងឱ្យការកើនឡើង ៧២% ធៀបនឹងឆ្នាំមុន និង ២៥% នៃគោលដៅក្នុងឆ្នាំនេះចំនួន ១៨ លាននាក់។