Seasia ៖ កម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ច ៦,១% នៅក្នុងឆ្នាំ ២០២៤ នេះ ឈរនៅលេខរៀងទី ៣ នៅតំបន់អាស៊ី ខណៈម៉ាកាវ ទទួលបានលេខ១ ក្នុងកំណើន ២៧,២%


អន្តរជាតិ៖ បើយោងតាមរបាយការណ៍លទ្ធផល ចេញផ្សាយដោយ Seasia ផ្អែកលើការព្យាករណ៍កំ ណើនផលិតផលក្នុងស្រុកសរុប (GDP) របស់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ និងទស្សនៈវិស័យខែតុលាឆ្នាំ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការធ្វើបច្ចុប្បន្នភាពក្នុងខែមករាឆ្នាំ២០២៤ បានបង្ហាញឲ្យដឹងថា កម្ពុជានាំមុខគេ ក្នុងការព្យាករណ៍កំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៤ នេះ។

ជាក់ស្តែង ក្នុងលទ្ធផលនៃការវិភាគនោះដែរគឺ កម្ពុជាឈរលើគេក្នុងបញ្ជី ដោយមានកំណើន ៦,១% ខណៈហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ២ មានកំណើន ៥,៩% និងវៀតណាមលេខ ៣ មានកំណើន ៥,៨ %។

ដោយឡែក បើគិតក្នុងតំបន់អាស៊ីវិញ គឺកម្ពុជាស្ថិតនៅលំដាប់ទី៣ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន លឿនបំផុតទាំង ២៥ ក្នុងឆ្នាំ២០២៤ តាមពីក្រោយម៉ាកាវ និងឥណ្ឌាដែលមានកំណើន ២៧,២% និង ៦,៣% រៀងគ្នា។

គូសសម្គាល់ឲ្យឃើញដែរថា សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ត្រូវបានជម្រុញដោយ វិស័យចម្រុះ រួមទាំងការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ វិស័យទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ និងសំណង់ជាដើម។