៣ខែដំបូងនៃឆ្នាំ២០២៤ នេះ កម្ពុជា អនុម័តគម្រោងសរុបចំនួន ១០៦ ក្រោមទឹកប្រាក់ខ្ទង់ ២,២ ពាន់លានដុល្លារ មានសន្ទុះហក់ឡើងខ្ពស់ បើធៀបនឹងពេលដូចគ្នា ក្នុងឆ្នាំមុន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា CDC បានអនុម័តគម្រោងវិនិយោគ និងពង្រីកទ្រព្យសកម្មថេរចំនួន ១០៦ ដែលមានតម្លៃ ២,២ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ខែដំបូង (ត្រីមាសដំបូង) នៃឆ្នាំនេះ ដែលជាចំនួនកើនឡើង ៦៤៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមគម្រោង ដែលត្រូវបានអនុម័ត មាន ៧៣គម្រោង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ៣៣ ផ្សេងទៀត នៅក្នុងទីតាំងធម្មតា ដោយបានបង្កើតការងារចំនួន ១០៧ ០០០ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក។

ក្នុងគម្រោងទាំងអស់នោះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំណែកធំជាងគេគឺ ៩០,៥៧% ខណៈវិស័យកសិកម្ម និងកសិឧស្សាហកម្មមាន ៣,៧៧% ហេដ្ឋារចនាសម្ព័ន្ធ ៣,៧៧% និងទេសចរណ៍មាន ១,៨៩%។

លើសពីនេះដែរ ខេត្តកំពង់ស្ពឺ និងស្វាយរៀង ទទួលបានគម្រោងធំៗជាច្រើន។ ខណៈដែល ២៦ គម្រោងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនិង ២៣ គម្រោងនៅខេត្តស្វាយរៀង និង ១៤ គម្រោងនៅទីក្រុងភ្នំពេញ។

ដោយឡែក ខេត្តព្រះសីហនុទទួលបាន គម្រោងវិនិយោគចំនួន១៣ គម្រោង ខេត្តកណ្តាល និងខេត្តតាកែវទទួលបាន៩គម្រោង និងខេត្តកំពង់ឆ្នាំងចំនួន ៥គម្រោង។ ខេត្តកោះកុងទទួលបាន២គម្រោង និងខេត្តស្ទឹងត្រែង ទទួលបានពីរគម្រោងដូចគ្នា ខណៈដែលខេត្តព្រះវិហារ ទទួលបាន១គម្រោង កំពត១គម្រោង និងខេត្តកំពង់ចាម១គម្រោង ផងដែរ។

ក្នុងរបាយការណ៍របស់ CDC បានបន្តថា “ការកើនឡើងយ៉ាងឆាប់រហ័សគឺ ដោយសារតែគម្រោងវិនិយោគថ្មីៗ ដែលមាននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ទេសចរណ៍ និងការពង្រីកការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស”។

ក្នុងចំណោម ១០៦ គម្រោងនោះ គម្រោងវិនិយោគដែលលេចធ្លោជាងគេ ក្នុងត្រីមាសទី១ គឺការបង្កើតសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់ផ្កាយ៥ នៅក្នុងខេត្តព្រះសីហនុ។ គម្រោងនេះមានទុនវិនិយោគចំនួន ៥៧៤លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន ៣ ៨៦០កន្លែង។

មួយទៀតគឺ គម្រោងវិនិយោគសាងសង់ វារីអគ្គិសនីកម្លាំង ១៥០ មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគសរុប ៤៤០ លានដុល្លារនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាមួយគ្នានេះ គម្រោងដែលលេចធ្លោជាងគេ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស គឺការផលិតសំបកកង់នៅខេត្តស្វាយរៀង ដែលមានទុនវិនិយោគចំនួន ២១២ លានដុល្លារ។ គម្រោងនេះបង្កើតការងារបានចំនួន ៦៥៥កន្លែង។

ដូចគ្នានេះដែរ បើយោងតាមការបញ្ជាក់របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគិនក្នុងស្រុក គឺជាប្រភពដ៏ធំបំផុតដែលមានចំនួន ៥៨% បន្ទាប់មកប្រទេសចិន ៣៥,៣%។ ដោយឡែកវិនិយោគិនបរទេស ផ្សេងទៀតមកពីសិង្ហបុរី វៀតណាម កូរ៉េខាងត្បូង អាមេរិក និងម៉ាឡេស៊ី។