ភ្ញៀវទេសចរជាតិជាង ១៣ លាននាក់ បានធ្វើដំណើរកម្សាន្ដក្នុងប្រទេស រយៈពេល ៣ ថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ


ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣ ១៤ និង ១៥ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរជិត ១៣,៥ លាននាក់ បានធ្វើដំណើរកម្សាន្ដ ជុំវិញផ្ទៃប្រទេសកម្ពុជា ក្នុងនោះ តំបន់បាត់ដំបងមានដល់ជាង ២,២ នាក់ តំបន់វប្បធម៌មានជាង ១,២ លាននាក់ តំបន់ឆ្នេរមានជាង ១,៥ លាននាក់ តំបន់អេកូទេសចរណ៍ជាង ១០ ម៉ឺននាក់ រាជធានីភ្នំពេញ ៧,៧ សែននាក់ និងតំបន់ផ្សេងៗទៀតជាង ៧,៤ លាននាក់។

របាយការណ៍ស្ថិតិទេសចរណ៍ ចេញផ្សាយពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានបង្ហាញថា រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានភ្ញៀវទេសចរជាតិប្រមាណ ១៣,២ លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៨ ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ដទៅតាមបណ្ដារាជធានីខេត្តជួបជុំគ្រួសារ និងគោលដៅទេសចរណ៍ផ្សេងៗជុំវិញប្រទេសកម្ពុជា ក្នុងនោះ ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង ៥ រួមមាន៖

១. ខេត្តកំពង់ចាម មានទេសចរជាតិ ប្រមាណ ៣,៤ លាននាក់ និងទេសចរបរទេស ៣៥៦ នាក់
២. ខេត្តកំពង់ស្ពឺ មានទេសចរជាតិប្រមាណ ១,២ លាននាក់ និងទេសចរបរទេស ១ ២៤៣ នាក់
៣. ខេត្តបាត់ដំបង មានទេសចរជាតិប្រមាណ ១ លាននាក់ និងទេសចរបរទេស ១ ៦៤១ នាក់
៤. ខេត្តព្រៃវែង មានទេសចរជាតិប្រមាណ ១ លានានក់ និងទេសចរបរទេស ៣៣ នាក់
៥. ខេត្តសៀមរាប មានទេសចរជាតិប្រមាណ ៩៤៣ ០០០ នាក់ និងទេសចរបរទេស ១២ ៩៩១ នាក់។

ទោះបីជាខែមេសា ឆ្នាំ២០២៤ ប្រទេសកម្ពុជា ជួបប្រទះនូវការកើនឡើងកម្ដៅខ្លាំង ចន្លោះជាមធ្យមចាប់ពី ៣៧ ទៅដល់ ៣៩ អង្សារសេក្ដី ប៉ុន្តែយើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរបាន រីករាយនិងអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ យ៉ាងច្រើនកុះករ តាំងពីដើមខែមេសា ជាពិសេសលើការរៀបចំ ព្រឹត្តិការណ៍សង្ក្រាននៅតាមសាលារៀន សាកលវិទ្យាល័យ តាមភូមិស្រុកវត្តអារាម និងនៅតាមទីរួមខេត្ត ខណ្ឌ ក្នុងអំឡុងថ្ងៃចូលឆ្នាំថ្មី រួមបញ្ចូលទាំងការរៀបចំពិធីប្រពៃណី ការលេងល្បែងប្រជាប្រិយ កម្មវិធីកម្សាន្ដជាមួយ តន្ត្រីជាដើម បង្កើតជាភាពសប្បាយរីករាយ ទូទាំងផ្ទៃប្រទេស។

យ៉ាងណាមិញ ក្រោយពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព មានការយោគយល់អធ្យាស្រ័យគ្នា ទទួលបានសេចក្ដីសុខគ្រប់ក្រុមគ្រួសារ នាឱកាសឆ្នាំថ្មីនេះ។