ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១ លាន២សែននាក់ ក្នុងថ្ងៃចូលឆ្នាំខ្មែរ រយៈពេល ៤ ថ្ងៃ!


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលទើបតែកន្លងទៅផុតនាពេលថ្មីៗនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ មកកម្សាន្តសរុបប្រមាណ ១លាននាក់។

ប្រភពដដែល ក៏បានបង្ហាញផងថា ក្នុងរយៈពេល ៤ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ មេសា ឆ្នាំ២០២៤ មានភ្ញៀវជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ ១ ២៣៩ ៨០៨នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ១ ២២៣ ០០០នាក់ ចំណែកភ្ញៀវទេសចរបរទេសមានចំនួន ១៦ ៨០៨ នាក់។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃទី១និងទី២ ភ្ញៀវដែលចូលមកទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តមានចំនួនប្រមាណ ៤៦៣ ៥៤០ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ៧ ៨០៧នាក់។ ដោយឡែក ចំពោះនៅថ្ងៃទី១៦ មេសា ភ្ញៀវទេសចរសរុប មានចំនួនប្រមាណ ២៨ ៨១៧ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៣ ៨១៧ នាក់។