HUAWEI ត្រៀមជួយ ក្នុងការធ្វើឲ្យវិស័យទេសចរណ៍ឌីជីថលកម្ពុជា កាន់តែទាក់ទាញ និងមានការអភិវឌ្ឍទៅមុខ!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្វែងរកកិច្ចសហការ ពីក្រុមហ៊ុន Huawei Technologies ដើម្បីជម្រុញគំនិតផ្តួចផ្តើម វិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។

ជាក់ស្តែង ឯកឧត្តម រដ្ឋមន្ត្រីបានជួបជាមួយ លោក Tao Guangyao នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. កាលពីថ្ងៃទី៦ ឧសភាកន្លងទៅ ដោយឯកឧត្តម បានបង្ហាញពីចក្ខុវិស័យ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង សហការគ្នារវាងក្រសួង និងក្រុមហ៊ុន Huawei ជាពិសេសក្នុងការជម្រុញ គំនិតផ្តួចផ្តើមទេសចរណ៍ឌីជីថល។

ទាក់ទងនឹងសំណើនេះ លោក Tao Guangyao បានកោតសរសើរចំពោះ ការចូលរួមយ៉ាងសកម្ម របស់ក្រសួងទេសចរណ៍ និងបានប្តេជ្ញាចិត្ត ចូលរួមគាំទ្រយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គួរឲ្យដឹងដែរថា វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភសំខាន់ៗទាំង៤ ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។

គួររម្លឹកដែរថា យោងតាមរបាយការណ៍ថ្មី ចុងក្រោយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១,៥៨លាននាក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង ២២,៥% បើធៀបនឹងចំនួន ១,២៩លាននាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

គោលដៅទេសចរណ៍កម្ពុជា មានភាពល្បីល្បាញខ្លាំង ដោយសារតំបន់បេតិកភណ្ឌពិភពលោក ចំនួន ៤ រួមមាន ឧទ្យានបុរាណវិទ្យាអង្គរ នៅភាគពាយព្យខេត្តសៀមរាប តំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ព្រមទាំងប្រាសាទព្រះវិហារ និងឧទ្យានបុរាណវត្ថុកោះកេរ នៅភាគពាយ័ព្យនៃខេត្តព្រះវិហារ ផងដែរ។

បន្ថែមពីនេះ ប្រទេសកម្ពុជាមានឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតមួយ ដែលលាតសន្ធឹង ប្រវែងប្រហែល៤៥០គីឡូម៉ែត្រ ក្នុងខេត្តភាគនិរតីចំនួន៤ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ផងដែរ។