ខេត្តកំពត គ្រោងនឹងមានបង្កើតផ្សារលើទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត!


កំពត៖ បើយោងតាមការចុះផ្សាយពីក្រសួងព័ត៌មាន កាលពីថ្ងៃ ១៧ឧសភាកន្លងទៅនេះ បានឲ្យដឹងថា អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក និងគម្រោងដទៃទៀត ដើម្បីបង្កើតផលិតផលទេសចរណ៍ ទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាក់ស្តែង ប្រភពដដែលបានឱ្យដឹងទៀតថា អាជ្ញាធរខេត្តកំពត មានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែម ជាច្រើនទៀតនៅថ្ងៃខាងមុខ ដែលមានដូចជា បង្កើតឱ្យមានសេវាកម្សាន្ត តាមដៃព្រែកទាំង ១៣ ក្នុងខេត្ត បង្កើតផ្សារលើទឹក និងជាពិសេសគម្រោង បង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដើម្បីឱ្យខេត្តមួយនេះក្លាយជា គោលដៅដ៏ទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គួរឲ្យដឹងដែរថា ផែនការបង្កើតផ្សារលើទឹកនេះ ត្រូវបានលើកឡើង បន្ទាប់ពីអាជ្ញាធរខេត្តកំពត បានសាងសង់រូបសំណាកសេះសមុទ្រ ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។

គួររម្លឹកឲ្យដឹងបន្ថែមថា រដ្ឋបាលខេត្តកំពត កំពុងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន ទី១/ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២/ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ផងដែរ។