ទីផ្សារគ្រឿងសង្ហារឹមកម្ពុជា ត្រូវបានព្យាករណ៍ថា អាចនឹងមានទំហំដល់ជាង ១,៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០៣៣ ខាងមុខ ខណៈបច្ចុប្បន្នមានទំហំប្រមាណ ១០០លានដុល្លារ ក្នុងមួយឆ្នាំ!


ភ្នំពេញ៖ បើយោងតាម “របាយការណ៍ស្រាវជ្រាវ ឧស្សាហកម្មគ្រឿងសង្ហារឹមកម្ពុជាឆ្នាំ ២០២៤-២០៣៣” ដែលចេញផ្សាយដោយ finance.yahoo កាលពីថ្ងៃទី ១៧ មេសាកន្លងទៅ បានឲ្យដឹងថា ទីផ្សារគ្រឿងសង្ហារឹមកម្ពុជា ទោះបីមានទំហំតូចបន្តិចក៏ដោយ ប៉ុន្តែកំពុងមានការរីកចម្រើន ក្នុងកម្រិតមួយខ្លាំង ជាមួយនឹងទំហំទីផ្សារបច្ចុប្បន្នជិត ១០០លានដុល្លារក្នុងមួយឆ្នាំ អ្នកជំនាញព្យាករណ៍ថា ទីផ្សារនេះនឹងកើនឡើងដល់ ១,៤៨៤ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣។

ថ្វីបើមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏វិស័យផលិតគ្រឿងសង្ហារឹម របស់កម្ពុជា បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងការនាំចេញ កើនឡើងពី ៤១៩លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៣ (ថយចុះបន្តិចប្រមាណ ៦,១៨% បើធៀបនឹងឆ្នាំមុន) ដែលនេះជាលទ្ធផល ឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) គួរឱ្យកត់សម្គាល់មានប្រមាណ ២០,៧% សម្រាប់កំឡុងពេល ៥ឆ្នាំចុងក្រោយនេះ។

គូសសម្គាល់ថា កត្តាជម្រុញនៅពីក្រោយ គន្លងនៃកំណើននេះ ភាគច្រើនកើតចេញពី សកម្មភាពនាំចេញ ដោយតម្លៃនាំចេញគ្រឿងសង្ហារឹម របស់ប្រទេសកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារផលិតផលគ្រឿងសង្ហារឹម ធំជាងគេបង្អស់នៅទូទាំងពិភពលោក។ តួយ៉ាង ក្រុមហ៊ុនគ្រឿងសង្ហារឹមធំៗចិនដូចជា Zhi Bang Furniture និង Sofia បានពង្រីកវត្តមានរបស់ពួកគេ ដោយបង្កើតហាងលក់រាយ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ ដូចជាវៀតណាម ថៃ ហ្វីលីពីន និងកម្ពុជាផងដែរ។

ឧស្សាហកម្មគ្រឿងសង្ហារឹមរបស់កម្ពុជា ទទួលបានអត្ថប្រយោជន៍ ពីវត្ថុធាតុដើមដ៏សម្បូរបែប និងតម្លៃពលកម្មទាបប្រកបដោយ ការប្រកួតប្រជែងខ្ពស់ក៏ពិតមែន ប៉ុន្តែទីផ្សារក្នុងស្រុកនេះ ប្រឈមនឹងសម្ពាធពីការកើនឡើង នៃថ្លៃចំណាយលើប្រតិបត្តិការ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមា ប្រចាំខែដល់ ២០០ដុល្លារក្នុងឆ្នាំ ២០២៣ និងបន្ថែមដល់ ២០៤ ដុល្លារក្នុងខែមករា ឆ្នាំ ២០២៤ គូសបញ្ជាក់ពី បញ្ហាប្រឈមនេះ ទោះបីជាតួលេខនេះ នៅតែខ្ពស់ជាងប្រទេសជិតខាង ដូចជាវៀតណាម និងឡាវក៏ដោយ។

កត្តាអំណោយផលមួយទៀត គឺជាមួយនឹងធនធានព្រៃឈើ ដ៏ធំគ្របដណ្តប់លើជាង ៦០% នៃផ្ទៃដី ប្រទេស កម្ពុជាមានបរិយាកាសប្រសើរ សម្រាប់កំណើនឧស្សាហកម្មគ្រឿងសង្ហារឹម ដែលមានឈើបម្រុងសម្រាប់ផ្គត់ផ្គង់ ទីផ្សារគ្រឿងសង្ហារឹមប្រមាណ ១,១ពាន់លានម៉ែត្រគូប។ និន្នាការរីកចម្រើន និងកំណើនតម្រូវការគ្រឿងសង្ហារឹម ក្នុងបរិបទទីផ្សារគ្រឿងសង្ហារឹមសកល បង្ហាញពីឱកាសអំណោយផល សម្រាប់វិស័យគ្រឿងសង្ហារឹមរបស់កម្ពុជា និងកំពុងឈានទៅលើកំណើននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ កាន់តែប្រសើរនាពេលខាងមុខផងដែរ។