សំណង់នៅតាមតំបន់សារមន្ទីរទួលស្លែង នឹងត្រូវរៀបចំឡើងវិញ តាមប្លង់គោល ស្របតាមបទដ្ឋានត្រឹមត្រូវ ដើម្បីធ្វើជាលំនាំគម្រូ សម្រាប់អនុវត្ត លើករណីផ្សេងទៀតក្នុងផ្ទៃប្រទេស!


ភ្នំពេញ៖ បើយោងតាមកិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ឧសភា កន្លងទៅបានបង្ហាញឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំ កំណត់សំណង់នៅជុំវិញ សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់ អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។

ជាក់ស្តែង ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណ តំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្ត នៃមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែងឆ្ងាយ ដែលនឹងក្លាយជាលំនាំ សម្រាប់ករណីផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញ បរិវេណតំបន់អភិរក្ស បេតិកភណ្ឌប្រវត្តិសាស្ត្រ នៃមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង ត្រូវតែអនុវត្តទៅតាមប្លង់គោល ស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ ផងដែរ។

ស្របនឹងគ្នានេះដែរ ក្រសួងរៀបចំដែនដី ក៏នឹងត្រូវធ្វើការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំ ការងារស្ថាបត្យកម្មសំណង់ ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្ស បេតិកភណ្ឌប្រវត្តិសាស្ត្រ នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀត នៅទូទាំងប្រទេស។

គូសសម្គាល់ឲ្យដឹងដែរថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង គឺជាគុកមួយ ក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងប្រទេសកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជា កន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងប្រហារអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនោះ។

មកទល់បច្ចុប្បន្ននេះ អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារ សារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីស្មារតី នៃការចងចាំពិភពលោករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពី សារៈសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។

លើសពីនេះដែរ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ក៏បានផ្តល់ថវិកាចំនួន ៣លានដុល្លារ ដើម្បីធ្វើការអភិរក្ស សារមន្ទីរទួលស្លែងជំហានទី២ មានរយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តក្នុងឆ្នាំ២០២៤ នេះតែម្តង។