កម្ពុជា កំពុងជម្រុញ លើការបង្កើតគោលដៅរបៀងលំហែបៃតង នៅតាមឧទ្យានជាតិគិរីរម្យ និងឧទ្យានជាតិភ្នំគូលែន ដើម្បីកាត់បន្ថយការដាក់សម្ពាធ លើធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍


ភ្នំពេញ៖ បើយោងតាមការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍ គោលដៅលំហែបៃតង នៅថ្ងៃទី១៨ មេសា និងពេលចុះពិនិត្យទីតាំង គម្រោងនៅថ្ងៃទី ២១ មេសាកន្លងទៅ បានឲ្យដឹងថា កម្ពុជា ថ្មីៗនេះ បាននឹងកំពុងជម្រុញបង្កើត របៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គិរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀត ស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ ការកាត់បន្ថយការដាក់សម្ពាធ លើធនធានធម្មជាតិ នេះបើតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រសួងបរិស្ថាន។

បន្ថែមពីនេះ បើតាមការបញ្ជាក់របស់ឯកឧត្តម បានឲ្យដឹងទៀតថា គម្រោងនៅក្នុងឧទ្យានជាតិ ព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ ដែលនេះក៏ជាយុទ្ធសាស្រ្តចម្បងមួយ របស់ក្រសួងបរិស្ថាន កើតចេញពី ការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំ យុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។

ដោយឡែក គម្រោងនៃការបង្កើត របៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» គឺផ្តោតសំខាន់ទៅលើ ការរៀបចំសម្បទាទេសចរណ៍ ដូចជា៖ ការសាសង់កន្លែង បោះតង់ស្នាក់នៅតាមរចនាបថខ្មែរ ការរៀបចំផ្លូវគោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយ ទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ជាដើម)។

យ៉ាងណា គួរឲ្យដឹងដែរថា បច្ចុប្បន្នឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានកន្លែងកម្សាន្តជាច្រើនដូចជា៖ ទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ សរុបចំនួន ៨៥កន្លែង។

បន្ថែមពីនេះ ក្រសួងបរិស្ថានក៏បានរៀបចំ សហគមន៍តំបន់ការពារធម្មជាតិសរុប ចំនួន៥ រួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និងសហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នេះផងដែរ ។

គួររម្លឹកផងដែរថា ប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុប ប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស នេះបើគិតមកត្រឹមឆ្នាំ ២០២០។