ភូមិខ្មែរ នៅទីក្រុង Isehara ខេត្ត Kanagawa ក្នុងប្រទេសជប៉ុន គ្រោងបើកដំណើរការ ចាប់ពីថ្ងៃទី ៣០ មិថុនានេះ!


ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូរបស់ជប៉ុន ដឹកនាំដោយលោក Takeshi Okami នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) កាលពីថ្ងៃទី ២២ មេសា កន្លងទៅនេះ ដើម្បីរាយការណ៍ពីវឌ្ឍនភាព នៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។

ជាក់ស្តែង ក្នុងកិច្ចប្រជុំនេះដែរ បានធ្វើឡើងនៅទីស្តីការក្រសួងការងារតែម្តង ដោយគណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា ដែលជាអ្នកផ្តើម គំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនអំពី ដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួន ទៅជាទីតាំងដែលមាន សោភណ្ឌភាពជាខ្មែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពី សំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណ ដល់វិស័យឯកជនជប៉ុន ដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរ នៅក្នុងក្រុង Isehara ខេត្ត Kanagawa នេះឡើង ដើម្បីបង្ហាញពីសម្ភារៈខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរ ជាដើម ទៅកាន់អន្តរជាតិ ពិសេសជនជាតិជប៉ុនតែម្តង។

គួររម្លឹកដែរថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តម ហេង សួរ ក៏ធ្លាប់បានទៅ ទស្សនកិច្ចដល់ទីតាំងនោះតែម្តង ដើម្បីពិនិត្យមើលការផ្តើមសាងសង់។ ដើម្បីធ្វើឱ្យទីតាំង មានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារៈមួយចំនួន ដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញ នៅក្នុងភូមិដែលរួមមាន ស្គរឆៃយ៉ាំ ឧបករណ៍ទ្រ មុខស្វា មុខត្លុកជាដើម។

ស្របនាពេលនេះដែរ ភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ។